(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ និងសហការី នៃមូលនិធិ «បុរីឈុនទីន» បាននាំអំណោយជាថវិកា កង់ចំនួន១១១គ្រៀង និងសម្ភារផ្សេងៗជាច្រើនមកចែកជូនសិស្សកុមារកំព្រារៀន ក្នុងខេត្តជាពិសេសសិស្សានុសិស្ស ដែលខ្វះខាតធម្យោបាយសម្រាប់ធ្វើដំណើរទៅសាលារៀន។

នាឱកាសនោះដែរ លោក វ៉ី សំណាង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះមូលនិធិ «បុរីឈុនទីន» ដែលបានឧបត្ថម្ភសម្ភារៈ និងថវិកាមួយចំនួនដល់កុមារកំព្រាក្នុងខេត្តកំពង់ស្ពឺ នាពេលនេះ។

សម្ភារៈ និងថវិកា ដែលបុរី «ឈុនទីន» បានឧបត្ថម្ភក្នុងឱកាសនោះរួមមានថវិកា សរុបចំនួន៤,១០០,០០០រៀ, កង់ ចំនួន១១១កង់, អង្ករ ចំនួន១,៣០០គីឡូក្រាម, ភេសជ្ជៈចំនួន៣០កេស, នំចំនួន៣០ធុង, មីចំនួន១៨កេស និងសម្ភារសិក្សាមួយចំនួន។

ក្នុងនាមរដ្ឋបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង ក៏សូមកោតសរសើរនូវកាយវិការ និងទឹកចិត្តដ៏សប្បុរសនេះ ហើយសូមប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ ចម្រុងចម្រើនជានិច្ចនិរន្តរ៍ ដល់ប្រធានមូលនិធិ និងសហការី៕