(បន្ទាយមានជ័យ)៖ ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោក ស្រេង សុផល សមាជិកក្រុមប្រឹក្សាខេត្ត និងក្រុមការងារ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ បាននាំយកអំណោយរបស់លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រី កែ សួនសុភី ប្រគល់មណ្ឌលកុមារកំព្រា «វិសាខា នៃក្តីសង្ឃឹមវត្តខ្ជាស់» នៅភូមិប្ញស្សីក្រោក ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ជាលើកទី៣។

ឆ្លៀតក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានផ្តាំផ្ញើសួរសុខទុក្ខពីលោក ស សុខា និងលោកស្រី ដោយក្តីនឹករលឹកជូនចំពោះ កុមារកំព្រាទាំង១៥១នាក់ រួមទាំងម៉ែដោះ ជាពិសេសកូនៗ ត្រូវចេះថែរក្សាគ្នាទៅវិញទៅមក រួបរួមសាមគ្គី មានអ្វីត្រូវចេះយកអាសារគ្នាបងត្រូវចេះជួយប្អូនៗ ក៏ត្រូវចេះជួយបង និងសូមឱ្យកូនៗមេដោះប្រកាន់ភ្ជាប់នូវ «៣ការពារ និង៣កុំ» និងតាមវិធានរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាតត្បាតជំងឺកូវីដ១៩។

អំណោយរបស់លោក ស សុខា និងលោកស្រី ដែលនាំយកទៅប្រគល់ជូនដល់មណ្ឌលកុមារកំព្រា វិសាខា នៃក្តីសង្ឃឹមវត្តខ្ជាស់នាពេលនេះរួមមាន៖ ថវិកា ១,០០០,០០០រៀល, អង្ករ ១០ការ៉ុង ស្មើ៥០០គីឡូក្រាម, ទឹកបរិសុទ្ធ ចំនួន ១០០យួរ, ទឹកវីតាល់ ១០កេស, ទឹកត្រី ៤០យួរ, ទឹកសុីអុីវ ៣០យួរ, ខ្ទឹមស ១០គីឡូក្រាម, ស្ករស ២០គីឡូក្រាម, ប្រេងឆា ៦ដប ស្មើ១២លីត្រ, សាប៊ូ ៤ធុង, ថ្នាំដុសធ្មេញ ៣០ប្រអប់, អាល់កុល ៣០លីត្រ និងម៉ាស់ ២០០០ម៉ាស់៕