(កំំពត)៖ លោកអភិបាលខេត្តកំពត ម៉ៅ ធនិន បានស្នើដល់អាជ្ញាធរភូមិ ឃុំ សង្កាត់ ស្រុក ក្រុង និងស្ថាប័នពាក់ព័ន្ធ ត្រូវធ្វើខ្លួនជាអ្នកបម្រើពលរដ្ឋផ្តល់នូវសេវាផ្សេងៗប្រកបដោយប្រសិទ្ធភាព និងឆាប់រហ័ស សំដៅឆ្លើយតបតម្រូវការ របស់ប្រជាពលរដ្ឋទូទៅ និងរក្សាបាននូវភាពថ្លៃថ្នូរ មានតម្លាភាព សមធម៌ គុណធម៌ និងត្រូវមានទំនួលខុសត្រូវខ្ពស់ រក្សាការពារប្រយោជន៍ ជូនដល់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរថែមទៀត។

ការស្នើបែបនេះរបស់លោក ម៉ៅ ធនិន បានធ្វើឡើងនៅក្នុងឱកាសដែលលោកបានដឹកនាំអង្គវេទិកាដោះស្រាយជម្លោះដីត្រពាំងបបុស ស្ថិតនៅភូមិ ត្នាមគូរ ឃុំអង្គសុភី ស្រុកកំពុងត្រាច នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ម្សិលមិញ នៅទីតាំងបរិវេណត្រពាំងបបុស ចំណុចភូមិ ឃុំខាងលើ។

នាឱកាសនោះដែរ លោក ម៉ៅ ធនិន បានបន្តថា ក្នុងភាពជាអ្នកដឹកនាំ មិនថាមេភូមិ មេឃុំ គឺមានតួនាទីដូចជាឱពុកម្តាយ ជាចាស់ទុំ ជាអាណាព្យាបាលរបស់ពលរដ្ឋ ក្រៅពីការមើលថែ ក៏ត្រូវជួយណែនាំអប់រំ ដល់កូនចៅឱ្យបានល្អ ព្រោះពេលខ្លះ កូនៗឈ្លោះគ្នា មិនមែនព្រោះពួកគេអាក្រក់ទេ ប៉ុន្តែដោយសារឱពុកម្តាយប្រដៅអប់រំកូនមិនទាន់បានល្អ។

លោក ម៉ៅ ធនិន បានបន្ថែមថា យ៉ាងណាមិញជម្លោះពលរដ្ឋនៅក្នុងមូលដ្ឋាននេះ ក៏ដូច្នេះដែរ ដូច្នេះមេភូមិ មេឃុំ អភិបាលស្រុក ត្រូវធ្វើខ្លួនជាអណាព្យាបាលដ៏ល្អ ត្រូវរក្សាភាពថ្លៃថ្នូរ កុំដើម្បីតែប្រាក់ ឬប្រយោជន៍បុគ្គល ធ្វើឱ្យប្រជពលរដ្ឋរងទឹកភ្នែក ឬជួបការលំបាកឱ្យសោះ ជាក់ស្តែងក្នុងករណីជម្លោះដីត្រពាំងនេះ រូបលោកមិនចង់ឃើញអ្នកណាម្នាក់រងគ្រោះនោះទេ ដើម្បីភាពយុត្តិធម៌ទាំងសង្ខាងរវាងប្រជាពលរដ្ឋ ប្រមាណ ៣ភូមិដែលបានទាមទាសុំឱ្យទុកត្រពាំងបបុសខាងលើជាសម្បត្តិសាធារណៈបម្រើប្រយោជន៍រួម និងក្រុមគ្រួសារមេភូមិដែលបានអះអាងថាជាម្ចាស់ត្រពាំង បានទិញកាលពីជាង២០ឆ្នាំមុន តម្លៃជាង៨ជីមាស ហើយមានការទទួលស្គាល់ពីលោកមេឃុំផងនោះ គឺរូបលោកជាអភិបាលខេត្ត មានយន្តការដោះស្រាយ ២ករណី៖

*ទី១៖ រដ្ឋបាលខេត្តនឹងចេញសងថ្លៃខាតបង់ទាំងអស់ដល់ភាគី អ្នកដែលបានទិញដីត្រពាំង។
*ទី២៖ យកត្រពាំងនេះមកវិញ ទុកជាសម្បត្តិរដ្ឋប្រើប្រាស់បម្រើប្រយោជន៍សហគមន៍។

ក្រោយពីបានបញ្ចប់នូវវេទិកាសាធារណៈខាងលើរួចមក លោកអភិបាលខេត្ត ម៉ៅ ធនិន ក៏បានដឹកនាំមន្ត្រី និងអាជ្ញាធរពាក់ព័ន្ធ ចុះទៅពិនិត្យ និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងអាជីវករក្នុងផ្សារកំពង់ត្រាច ស្ថិតនៅស្រុកកំពង់ត្រាច ខេត្តកំពត ដើម្បីទទួលយកនូវសំណូមពរ និងបញ្ហាផ្សេងៗរបស់អាជីវករ និងប្រជាពលរដ្ឋដែលរស់នៅជុំវិញផ្សារ។

ក្នុងដំណើរនៃការចុះពិនិត្យ និងសំណេះសំណាលនេះ លោកអភិបាលខេត្តកំពត បានទទួលយកនូវសំណូមពររបស់អាជីវករ និងប្រជាពលរដ្ឋ ដោយផ្តល់ជូននូវថវិកា សម្រាប់ស្តារប្រព័ន្ធលូ ធ្វើយ៉ាងណាកុំឱ្យមានក្លិនស្អុយ និងជន់លិចពេលមានភ្លៀងធ្លាក់មកម្តងៗ។

ទន្ទឹមនេះលោកអភិបាលខេត្ត បានជំរុញដល់ប្រធានផ្សារកំពង់ត្រាច ត្រូវរៀបចំឱ្យបានឆាប់បំផុត ក្នុងការស្តារប្រព័ន្ធលូរនេះ។ ចំពោះប្រធានផ្សារកំពង់ត្រាច ក៏បានសន្យាថា ដំណើរការស្តារប្រព័ន្ធលូ នឹងចាប់ធ្វើពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ៕