(ភ្នំពេញ)៖ លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានសម្តែងការអបអរសាទរដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការខិតខំចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ជូនប្រជាពលរដ្ឋបានក្នុងកម្រិតខ្ពស់ និងឈានដល់ការបើកដំណើរការសកម្មភាពសង្គម និងសេដ្ឋកិច្ចជាបណ្តើរៗឡើងវិញ។

ការលើកឡើងរបស់អគ្គរដ្ឋទូតអាមេរិក បានធ្វើឡើងក្នុងឱកាសដែល លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ចូលជួបពិភាក្សាការងារ ជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ។

តាមការផ្សព្វផ្សាយរបស់រដ្ឋសភា, ក្នុងជំនួបនោះ លោក Patrick Murphy អបអរសាទរដល់រាជរដ្ឋាភិបាលកម្ពុជា បានខិតខំចាក់វ៉ាក់សំាងប្រឆាំងកូវីដ-១៩ ជូនពលរដ្ឋបានក្នុងកម្រិតខ្ពស់និងឈានដល់ការបើកដំណើរការសកម្មភាពសង្គម និងសេដ្ឋកិច្ចជាបណ្តើរៗឡើងវិញ។ លោកបានបញ្ជាក់ថា សហរដ្ឋអាមេរិក ជាប្រទេសមួយដែលចូលរួមយ៉ាងសកម្មនៅក្នុងវិស័យសុខាភិបាលនៅកម្ពុជា ពិសេសនៅកំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩នេះ អាមេរិកបានផ្តល់វ៉ាក់សាំង Johnson & Johnson ជូនកម្ពុជាប្រមាណជាង១លានដូស តាមយន្តការអង្គការសុខភាពពិភពលោក។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងការកោតសរសើរ លោកឯកអគ្គរដ្ឋទូត ដែលបានខិតខំប្រឹងប្រែងនៅក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជាក្នុងរយៈពេលពីរឆ្នាំមកនេះ ធ្វើឲ្យកិច្ចសហប្រតិបត្តិការជាច្រើនវិស័យ រវាងប្រទេសទាំងពីរ បានជំរុញនិងលើកកម្ពស់ មានការវិវឌ្ឍរីកចម្រើន។ សម្តេចជឿជាក់ថា ទំនាក់ទំនង ប្រជាជនទំាងពីរប្រទេស ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងអាមេរិក ដែលមានជាង៧០ឆ្នាំមកនេះ នឹងកាន់តែរីកលូតលាស់ ប្រកបដោយផ្លែផ្កាថែមទៀត។

សម្តេចអគ្គមហាពញាចក្រី បានថ្លែងអរគុណយ៉ាងជ្រាលជ្រៅចំពោះសហរដ្ឋអាមេរិក ដែលបានផ្តល់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជា មានជាអាទិ៍លើ វិស័យសុខាភិបាល អប់រំ បរិស្ថាន វប្បធម៌ កសិកម្ម និងការបោសសំអាតមីនជាដើមនោះ ពិសេស វ៉ាក់សាំងប្រឆាំងកូវីដ-១៩។សម្តេចបានលើកទឹកចិត្តដល់សហរដ្ឋអាមេរិក បន្តផ្តល់អាហារូបករណ៍ និងឱកាសបណ្តុះបណ្តាលដល់និស្សិត និងអ្នកដឹកនាំវ័យក្មេងកម្ពុជា ផងដែរ៕