(ភ្នំពេញ)៖ គម្រោងវិនិយោគទីលានប្រណាំងរថយន្តខ្នាតអន្តជាតិដំបូងគេបំផុតក្នុងប្រទេសកម្ពុជា នឹងមានវត្តមានក្នុងពេលឆាប់ៗខាងមុខនេះ ដែលនឹងត្រូវបានទទួលស្គាល់ ដោយស្ថាប័ន FIA (Fédération Internationale de l'Automobile)។ គម្រោងដែលនឹងលើកមុខមាត់កម្ពុជាលើឆាកអន្តរជាតិនេះ ត្រូវបានវិយោគដោយក្រុមហ៊ុន Maritime Group ដែលមានទីតាំងគម្រោងលើខ្សែដី ១៦០ហិកតា ស្ថិតនៅតាម បណ្តោយផ្លូវល្បឿនលឿន (Highway) ថ្មី ភ្នំពេញ-ព្រះសីហនុ ចម្ងាយពីរាជធានីភ្នំពេញប្រមាណ ៧០គីឡូម៉ែត្រតែប៉ុណ្ណោះ។

ក្រុមហ៊ុន Maritime Group បានផ្តល់សិទ្ធិទៅដល់ក្រុមហ៊ុន PHG International ដែលបានឈ្នះក្នុងការដេញថ្លៃ ដើម្បីសាងសង់គម្រោងនេះឡើងដែលត្រូវចំណាយទុន វិយោគសរុប ២៦លានយូរ៉ូ ដោយការវិនិយោគ ១០០% របស់ក្រុមហ៊ុន Maritime group ដែលក្នុងនោះរួមមានទីលានប្រណាំងរថយន្ត Formula 3 និងកីឡា Moto Sports ជាច្រើនទៀត Shopping Outlet និងរីសតលំដាប់អន្តរជាតិដែរ។ គម្រោងដ៏ធំនេះនឹងត្រូវចាប់ផ្តើមការការដ្ឋានសាងសង់នៅចុងឆ្នាំ២០២២ ខាងមុខនេះហើយ។

សូមជំរាបថា ក្រុមហ៊ុន Maritime Group គឺជាក្រុមហ៊ុនវិនិយោគ និងអភិវឌ្ឍន៍ពហុវិស័យរបស់អ្នកឧកញ៉ា ហេង សិទ្ធី ដែលមានបុត្រសម្ព័ន្ធក្រុមហ៊ុនជាច្រើនរួមមាន ធនាគារឯកទេស Maritime Bank, Maritime Tower ស្ថិតនៅលើផ្លូវ៦០ម៉ែត្រ, កោះស្រមោច និងក្រុមហ៊ុនជាច្រើនទៀត។ ចំណែកឯ PHG International ជាក្រុមហ៊ុនអន្តរជាតិដែលមានបទពិសោធន៍ជាង៣០ឆ្នាំក្នុងការអភិវឌ្ឍន៍គម្រោងទីលានប្រណាំងរថយន្តជាង២០ប្រទេសលើពិភពលោក រួមមានប្រទេសអារ៉ាប់ បារាំង ប៉ាវ៉ែត និងម៉ាឡេស៊ីជាដើម។

យើងសង្កេតឃើញថា ក្រោមការដឹកនាំដ៏ឆ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាវាកម្ពុជាកំពុងហោះទៅមុខឥតឈប់ឈរ ជាមួយកេរ្តិ៍ឈ្មោះកាន់តែល្អសុះសាយល្បីរន្ទឺ នៅលើឆាកអន្តរជាតិ ជាពិសេសកម្ពុជាបានឈរលើលំដាប់លេខ១ ក្នុងប្រទេសអាស៊ី ក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ បង្កបរិយាកាសដ៏កក់ក្ដៅដល់វិយោគិនទាំងជាតិ និងអន្តជាតិ។ នេះជាការលើកឡើងរបស់អ្នកឧកញ្ញា ហេង សិទ្ធី អគ្គនាយកក្រុមហ៊ុន Maritime Group។

អ្នកឧកញ៉ាក៏បានបន្ថែមទៀតថា គម្រោងដ៏ធំនេះនឹងរួមចំណែកយ៉ាងធំក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើតការងារជូនប្រជាជនកម្ពុជារាប់ពាន់នាក់ ក៏ដូចជាការទាក់ទាញការវិនិយោគគម្រោងធំៗបន្តទៅថ្ងៃខាងមុខ៕