(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ តាមរយៈបណ្តាញព័ត៌មាន Fresh News បានចេញមកច្រានចោលចំពោះលិខិតក្លែងក្លាយ ដែលត្រូវបានផ្សព្វផ្សាយតៗគ្នាថា ក្រសួងសម្រេចឲ្យសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) កំណត់ឲ្យជាប់ជាស្ថាពរ ដោយមិនកំណត់និទ្ទេស។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ បានបញ្ជាក់យ៉ាងដូច្នេះថា «លិខិតដែលផ្សព្វផ្សាយអំពីការជាប់ជាស្ថាពរ របស់បេក្ខជននោះ គឺជាលិខិតក្លែងក្លាយ ក្រសួងអប់រំ សូមច្រានចោលលិខិតក្លែងក្លាយនោះ»

សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់កាលបរិច្ឆេទប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយប្រកាសលទ្ធផលនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ និងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ ដោយប្រកាសលទ្ធផលនៅថ្ងៃទី២៨-២៩ ខែធ្នូ ឆ្នាំ២០២១។

លោក រស់ សុវាចា បានបញ្ជាក់ទៀតថា ក្រសួងអប់រំ យុវជន និងកីឡា សូមលើក ទឹកចិត្តសិស្សានុសិស្ស និងបេក្ខជនប្រឡងទាំងអស់ បន្តខិតខំប្រឹងប្រែងរៀនសូត្រពីចម្ងាយ និងតាមអនឡាញ ទន្ទឹមនឹងការសិក្សាក្នុងថ្នាក់ ដោយបន្តថែទាំសុខភាព និងគាំទ្រគ្នាទៅវិញទៅមក ខណៈដែលកម្ពុជានិងពិភពលោក នៅកំពុងប្រឈមជាមួយនឹងកូវីដ-១៩ នៅឡើយ។ ក្នុងន័យនេះក្រសួងអប់រំ យុវជន និង កីឡា នៅតែបន្តលើកកម្ពស់គុណភាពអប់រំ និងគុណភាពប្រឡង ដើម្បីឆ្លើយតបនឹងតម្រូវការសិក្សាក្នុងបរិបទកូវីដ-១៩។

ធនធានអប់រំឌីជីថលរបស់ក្រសួងអប់រំ យុវជន និងកីឡា៖
១- កម្មវិធីទូរសព្ទដៃ MoEYS E-Learning
២- បណ្ដាញ YouTube ផ្លូវការរបស់ក្រសួង៖ www.youtube.com/moeyscambodia
៣- គេហទំព័រគ្រូរបស់ក្រសួង៖ www.krou.moeys.gov.kh
៤- ទំព័រហ្វេសប៊ុកគ្រូរបស់ក្រសួង៖ www.facebook.com/krou.moeys.gov.kh
៥- មជ្ឈមណ្ឌលសិក្សាអេឡិចត្រូនិករបស់ក្រសួង៖ www.elearning.moeys.gov.kh៕