Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មេអគ្គិសនីកម្ពុជា និងឧកញ៉ាស្រុកខ្មែរជាច្រើនរូប យកតារាល្បីៗប្រគុំតន្រ្តីនាំភាពសប្បាយ ជូនកងទ័ពនៅជាយដែន មុនពេលចូលឆ្នាំថ្មី

08-04-2016 16:07

(ឧត្តរមានជ័យ)៖ អគ្គនាយកអគ្គិសនីកម្ពុជា លោក កែវ រតនៈ និងឧកញ៉ាស្រុកខ្មែរឧកញ៉ា លី យ៉ុងផាត់, ឧកញ៉ា គិត ម៉េង, ឧកញ៉ា កុក អាន, ឧកញ៉ា លី ហួរ និងជាច្រើនរូបទៀត បាននាំយកតារាល្បីៗជាច្រើនរូបប្រចាំនៅកម្ពុជា ទៅប្រគំតន្រ្តី និងធ្វើពិធីជប់លៀងនាំភាពសប្បាយរីករាយ ជូនកងទ័ពឈរជើង ការពារទឹកដីនៅតំបន់ប្រាសាទតាមាន់ ក្នុងខេត្តឧត្តរមានជ័យ ទីដែលទាហានខ្មែរ-ថៃ ធ្លាប់បានផ្ទុះអាវុធដាក់គ្នា។

តារាល្បីដែលនាំទៅច្រៀងរាំញ៉ាំងបរិយាកាសស្ងប់ស្ងាត់នៅតំបន់ជាយដែន និងជាអតីតសមរភូមិជម្លោះរវាងខ្មែរ និងខ្មែរ ឲ្យមានសភាពអ៊ូអរមិនធ្លាប់មាននាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៦នេះ រួមមាន៖ កញ្ញា ឱក សុគន្ធកញ្ញា, លោក ករុណា ពេជ្រ, កញ្ញា ព្រះកាយ ច័ន្ទ កញ្ញា ឌួង ហ្សូរីម៉ា, លោក សៅ ឧត្តម និង លោក ម៉ៅ ហាជី និងតារាច្រើនទៀត។

ការប្រគំតន្រ្តី និងការជប់លៀងនេះ បានធ្វើឲ្យកងទ័ព ដែលធ្លាប់តែរស់ក្នុងព្រៃដេកឱបតែអាវុធនោះ បង្ហាញនូវស្នាមញញឹម និងភាពសប្បាយរីករាយគ្រប់គ្នា ហើយពួកគេក៏មានឱកាសបានច្រៀងរាំ និងថតរូបអនុស្សាវរីយ៍ជាមួយតារាល្បីៗទាំងនោះផងដែរ។

លោក កែវ រតនៈ និងឧកញ៉ា លី យ៉ុងផាត់ ដែលបានចងសម្ព័ន្ធមេត្រីភាព ជាមួយកងទ័ពនៅតំបន់ប្រាសាទតាមាន់នេះ តែងបានធ្វើពិធីជប់លៀងសប្បាយជូនកងទ័ព នៅមុនពេលបុណ្យចូលឆ្នាំមកដល់ជារៀងរាល់ឆ្នាំ។ ក្រៅពីនាំយកនូវភាពសប្បាយជូនកងទ័ពហើយនោះ លោក កែវ រតនៈ និង ឧកញ៉ា លី យ៉ុងផាត ក៏បាននាំយកនូវគ្រឿងឧបភោគ បរិភោគយ៉ាងច្រើនជូនដល់កងទ័ព ព្រមទាំងកសាងហេដ្ឋារចនាសម្ព័ន្ធបម្រើវិស័យយោធានៅតំបន់នោះផងដែរ។

លោក កែវ រតនៈ បានគោរពថ្លែងអំណរគុណយ៉ាងខ្លាំងដល់វីរភាព ដ៏អង់អាចក្លាហានរបស់កងទ័ពខ្មែរក្នុងការការពារទឹកដីខ្មែរ។ លោក រតនៈ បានប្តេជ្ញាថា ក្នុងនាមជាសមរភូមិក្រោយ លោកនឹងខិតខំប្រឹងប្រែងអស់លទ្ធភាព ដើម្បីជួយទំនុកបម្រុងដល់កងទ័ពរួមគ្នា ការពារបូរណភាពទឹកដីកម្ពុជាមិនឲ្យសត្រូវឈ្លានពាន៕