(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ តំណាងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦នេះ បានជួបសំណេះសំណាល ជាមួយមន្ដ្រីក្នុងនាយកដ្ឋានចំនួន២៨៨នាក់ នាឱកាសមុនចូលឆ្នាំប្រពៃណីជាតិខ្មែរ។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ ក៏បាននាំយកអំណោយរបស់ នាយឧត្តមសេនីយ៍ នេត សាវឿន និងលោកស្រី មានជា​​គ្រឿងឧបភោគបរិភោគ និងថវិកាយក​ទៅចែកចាយជូនមន្រ្ដីនគរបាល​ទាំងនេះ ដោយម្នាក់ៗទទួលបានថវិកា២៧ម៉ឺនរៀលផងដែរ។ ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ បានអំពាវនាវឲ្យបងប្អូន​ប្រជាពលរដ្ឋគ្រប់​មជ្ឈដ្ឋាន​ទាំងអស់ ពេលធ្វើដំណើរ​ទៅលេងស្រុកកំណើត​ក្នុងឱកាស​ចូលឆ្នាំខែ្មរ​មុខនេះ សូមមេត្តាគោរពច្បាប់ចរាចរណ៍ ដើម្បីចៀសវាងគ្រោះថ្នាក់​ជាយថាហេតុ ហើយឱ្យស្របតាម​ប្រសាសន៍​របស់សម្ដេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា «ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍»

លោកក៏បានបញ្ជូនកម្លាំងនគរបាល​នៅនាយក​ដ្ឋានប្រមាណ​១៥០នាក់ ទៅជួយសម្រួល​ចរាចរណ៍​នៅខេត្តសៀមរាប ក្នុងពិធីអង្គរសង្ក្រាន្ត​ផងដែរចាប់ពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ខាងមុខនេះ៕