(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយរាជធានីខេត្តចំនួន១៤របស់កម្ពុជា ប្រឈមនឹងជំនន់ទឹកភ្លៀង។

ក្រសួងធនធានទឹកបានបញ្ជាក់ថា ក្នុងសប្តាហ៍ខាងមុខ (ពីថ្ងៃទី២៧ ខែតុលា ដល់ថ្ងៃទី២ ខែវិច្ឆិកា) ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលជាបន្តបន្ទាប់៖ ពីថ្ងៃទី២៧-២៨ ខែតុលា ឥទ្ធិពលពីសម្ពាធទាប និងពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី២ ខែវិច្ឆិកា ឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល
* សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
* សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C
* នៅថ្ងៃទី២៧-២៨ ខែតុលា អាចនឹងមានភ្លៀងក្នុងកម្រិតពីបង្គួរទៅខ្លាំង លាយឡំខ្យល់កន្ត្រាក់ ដែលអាចបង្កជាជំនន់ទឹកភ្លៀង មានជាអាទិ៍ខេត្ត ៖ ព្រៃវែង , ស្វាយរៀង , កណ្តាល , តាកែវ , កំពង់ស្ពឺ, កំពង់ឆ្នាំង , ពោធិ៍សាត់ និងរាជធានីភ្នំពេញ ។ បន្ទាប់ពីនោះ ភ្លៀងអាចនឹងបន្តធ្លាក់ក្នុងកម្រិត ពីខ្សោយ ទៅមធ្យមតែប៉ុណ្ណោះ។

២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន
* សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C
* សីតុណ្ហភាពអតិបរមា មានពី ២៧-២៩ °C
* នៅថ្ងៃទី២៧-២៨ ខែតុលាអាចនឹងមានភ្លៀងក្នុងកម្រិតពីបង្គរទៅខ្លាំង លាយឡំខ្យល់កន្ត្រាក់ អាចបង្កជាជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រខេត្ត៖ មណ្ឌលគីរី , ត្បូងឃ្មុំ និងកំពង់ចាម ។ បន្ទាប់ពីនោះ ភ្លៀងអាចនឹងបន្តធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យមតែប៉ុណ្ណោះ។

៣៖ តំបន់មាត់សមុទ្រ
* សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
* សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C
* អាចនឹងមានភ្លៀងក្នុងកម្រិតពីមធ្យមទៅខ្លាំង លាយឡំខ្យល់កន្ត្រាក់ អាចបង្កជាជំនន់ទឹកភ្លៀងក្នុង ភូមិសាស្ត្រខេត្តកំពត ខេត្តកោះកុង និងខេត្តព្រះសីហនុ។ នៅលើផ្ទៃសមុទ្រនឹងអាចមានភ្លៀង ខ្យល់ និងរលកសមុទ្រខ្ពស់ បន្ទាប់ពីនោះ ភ្លៀងនឹងធ្លាក់ចុះក្នុងកម្រិត ពីខ្សោយទៅមធ្យមតែប៉ុណ្ណោះ។

ជាមួយគ្នានេះ ក្រសួងធនធានទឹកបានអំពាវនាវដល់ប្រជាពលរដ្ឋ សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានជាយថាហេតុ៕