(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ បន្តអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកលើកទី៩ តាមប្រព័ន្ធវីដេអូ។

កិច្ចប្រជុំដែលប្រទេសព្រុយណេធ្វើជាម្ចាស់ផ្ទះ មានការអញ្ជើញចូលរួមពីលោក ចូ បៃដិន ប្រធានាធិបតីអាមេរិក ដែលជាកិច្ចប្រជុំលើកដំបូងរបស់លោកជាមួយមេដឹកនាំអាស៊ាន ក្រោយឈ្នះឆ្នោតក្លាយជាប្រធាធិបតីអាមេរិក។ កិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពីមេដឹកនាំអាស៊ានចំនួន៨ផ្សេងទៀត ដោយឡែកមីយ៉ាន់ម៉ា មិនមានតំណាងចូលរួមនោះឡើយ។

លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ក្នុងកិច្ចប្រជុំនេះ ប្រមុខរដ្ឋាភិបាលអាស៊ាន និងអាមេរិក បានវាយតម្លៃខ្ពស់អំពីការរីកចម្រើន និងសមិទ្ធផលនៃភាពជាដៃគូយុទ្ធសាស្ត្ររវាងអាស៊ាន និងអាមេរិក។ ជាពិសេសលើកិច្ចសហប្រតិបត្តិការជាច្រើនវិស័យមានដូចជាជំងឺកូវីដ១៩ ដែលសហរដ្ឋអាមេរិក បានផ្តល់ការគាំទ្រជាច្រើនក្នុងក្របខណ្ឌទ្វេភាគី រួមទាំងការជួយទៅអាស៊ាន និងប្រទេសសមាជិកនីមួយៗ។

លើសពីនេះទៀតប្រមុខរដ្ឋាភិបាលអាស៊ាន បានវាយតម្លៃខ្ពស់អំពីការគាំទ្ររបស់អាមេរិក ចំពោះការកសាងសហគមន៍អាស៊ាន ការធ្វើសមាហរណកម្មអាស៊ាន និងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ជាពិសេស ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច បង្កើនការធ្វើពាណិជ្ជកម្ម និងវិនិយោគ។

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសថា អាមេរិកនឹងផ្តល់ថវិកាបន្ថែម ១០២លានដុល្លារ សម្រាប់កិច្ចសហប្រតិបត្តិការជាមួយអាស៊ាន ហើយសហរដ្ឋអាមេរិក នឹងបន្តតួនាទីស្នូលរបស់អាស៊ានក្នុងកិច្ចសហប្រតិបត្តិការតំបន់ ជាពិសេសក្នុងក្របខណ្ឌឥណ្ឌូប៉ាស៊ីហ្វិក។

ប្រមុខរដ្ឋាភិបាលអាស៊ាន បានថ្លែងដែរថា អាស៊ាននឹងជំរុញលើវិស័យដទៃទៀត ជាពិសេសវិស័យឌីជីថល។ ប្រមុខរដ្ឋាភិបាលអាស៊ាន ក៏បានសន្យារក្សាតំបន់អាស៊ានឱ្យបាននូវសន្តិភាព ស្ថេរភាព និងសន្តិសុខ។ ប្រមុខរដ្ឋាភិបាលអាស៊ាន និងអាមេរិក បានប្រកាសដែរថា នៅឆ្នាំក្រោយសហរដ្ឋអាមេរិក និងអាស៊ាន នឹងប្រារព្ធខួប៤៥ឆ្នាំ នៃទំនាក់ទំនងភាពជាដៃគូរវាងអាមេរិក និងអាស៊ាន។

បើតាមលោក កៅ គឹមហួន ក្នុងកិច្ចប្រជុំនេះ ប្រមុខរដ្ឋាភិបាលអាស៊ាន និងអាមេរិក បានផ្លាស់ប្តូរយោបល់ជុំវិញសភាពការណ៍នៅមីយ៉ាន់ម៉ា និងសមុទ្រចិនខាងត្បូងផងដែរ។

លោកប្រធានាធិបតី ចូ បៃដិន ក៏បានលើកឡើងដែរថា អ្វីដែលអាមេរិក កំពុងមានជាមួយអាស៊ាន គឺជាទំនាក់ទំនងមួយរឹងមាំ ហើយអាមេរិកមានការប្តេជ្ញាចិត្តខ្ពស់ បន្តការគាំទ្រដល់អាស៊ាន ដោយបន្តកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។ លោកប្រធានាធិបតី បានឱ្យដឹងថា ក្នុងរយៈពេលកន្លងមកនេះ អាមេរិក បានផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាង ៤០លានដូស និងជំនួយជាង ២០០លានដុល្លារ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

លោកប្រធានាធិបតី បានលើកឡើងទៀតថា ជាគោលដៅអាមេរិក នឹងចូលរួមចែករំលែកវ៉ាក់សាំងមួយពាន់លានដូស។

លោកប្រធានាធិបតីអាមេរិក ក៏បានប្រកាសបើកការិយាល័យមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លង (CDC) នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ លោក ចូ បៃដិន បានលើកឡើងដែរថា អាស៊ាន បានដើរតួនាទីស្នូលក្នុងតំបន់មិនត្រឹមតែសេដ្ឋកិច្ច និងទីផ្សារប៉ុណ្ណោះទេ តែក៏មានតួនាទីជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងអាមេរិក ក្នុងតំបន់តែម្តង។

លោកប្រធានាធិបតីអាមេរិក បានបង្ហាញក្តីសង្ឃឹមដែរថា អាស៊ាន នឹងចូលរួមជាមួយអាមេរិក ក្នុងការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ។ ប្រធានាធិបតីសហរដ្ឋអាមេរិកក៏បានលើកឡើងផងដែរអំពីតួនាទីរបស់អាស៊ានក្នុងការសម្របសម្រួល ជាពិសេសលើកិច្ចសហការសន្តិសុខ។

សូមបញ្ជាក់ថា នៅថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន បានចំណាយពេលមួយថ្ងៃពេញ ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន, កិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េ, កិច្ចប្រជុំកំពូលអាស៊ាន-ចិន និងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ចុងក្រោយគេនេះ៕