(ភ្នំពេញ)៖ កម្លាំងល្បាតរបស់នគរបាលប៉ុស្ដិ៍ឫស្សីកែវ សហការនិងកម្លាំងនគរបាលខណ្ឌឫស្សីកែវ រួមទាំងកម្លាំងប្រជាការពារសង្កាត់ បានធ្វើការឃាត់ខ្លួន ជនពាក់ព័ន្ធអំពើចោរកម្មលួចឆ្កិះសោកាច់កម៉ូតូចំនួន៣នាក់ នៅវេលា១៖៣០នាទីយប់រំលងអាធ្រាត្រថ្ងៃទី៨ ឈានចូលថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦ នៅត្រង់ចំណុចផ្លូវបេតុង ក្រុម១៣ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

មន្ត្រីនគរបាលបានឲ្យដឹងថា ជនត្រូវឃាត់ខ្លួន១ឈ្មោះសែម ឈី ហៅអាមាក់ អាយុ២៥ឆ្នាំ ២ឈ្មោះគៀង វិចិត្រ ហៅទូ អាយុ២៥ឆ្នាំ ៣ឈ្មោះមាស ពិសែន ហៅឡែន អាយុ៣០ឆ្នាំ។

មន្ត្រីនគរបាលបានឲ្យដឹងទៀតថា បន្ទាប់ពីកម្លាំងនគរបាល ប៉ុស្ដិ៍ឫស្សីកែវ ទទួលបានការដឹកនាំពីលោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌឫស្សីកែវ រួមនិងប្រជាការពារ ដើម្បីល្បាតក្នុងភូមិសាស្ត្រ និងដើម្បីរក្សាសន្តិសុខសុវត្ថិភាព ជូនពលរដ្ឋខណៈនោះកម្លាំងសមត្ថកិច្ច បានប្រទះឃើញជនសង្ស័យទាំង៣នាក់ នោះជិះម៉ូតូ១គ្រឿង ដោយមានការសង្ស័យ ក៏ឃាត់ធ្វើការឆែកឆេរបានរកឃើញដែកអក្សរ T សម្រាប់កាច់សោកម៉ូតូចំនួន១ ផ្លែទូរវីសចំនួន១ និងដែក លួសសំរាប់ឆ្កឹះសោផ្ទះចំនួន១០កំណាត់ ដែលជនសង្ស័យ ទាំងនោះបានរក្សាទុកនូវ និងខ្លួនដើម្បីធ្វើសកម្មភាពផ្សេងៗពាក់ព័ន្ធនិងអំពើចោរកម្ម ក្នុងនោះកម្លាំងសមត្ថកិច្ចបានដកហូតមធ្យោបាយធ្វើដំណើរ របស់ជនត្រូវជាប់សង្ស័យមានម៉ូតូ ១គ្រឿងម៉ាកស្មាស់ព៍ណក្រហម ពាក់ស្លាកលេខភ្នំពេញ AD១០០៦។

សូមបញ្ជាក់ថា បច្ចុប្បន្នជនត្រូវជាប់សង្ស័យពាក់ព័ន្ធអំពើចោរកម្មទាំង៣នាក់ រួមនិងវត្ថុតាងត្រូវបានបញ្ជូនទៅឃុំខ្លួន សាកសួរបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីចាត់ការតាមនិតិវិធីព្រមទាំងបន្តការស្រាវជ្រាវ ស្វែងរកចាប់ខ្លួនបក្ខពួកដែលនូវសេសសល់៕