(ព្រះសីហនុ)៖ ទេសរដ្ឋមន្រ្តី លី ធុជ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវឲ្យអ្នកវិយោជនជាតិចិន ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញឆ្ពោះទៅរកខេត្តព្រះសីហនុ អស់ការគម្រាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមឲ្យបានឆាប់។

នេះជាការលើកឡើងរបស់ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ក្នុងនាម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន ចូលរួមជាគណៈអធិបតីជាមួយ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន (អាជ្ញាធរមីន) និងសមាគមជួយសង្រ្គោះប្រជាជននៅកម្ពុជា នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីចលនាកៀរគរធនធានពីអ្នកវិនិយោគជនជាតិចិនទាំងក្នុងនិងក្រៅប្រទេស គាំទ្រដល់ការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅខេត្តព្រះសីហនុ។

លោកទេសរដ្ឋមន្រ្តី បានថ្លែងប្រាប់អង្គពិធីថា ការរៀបចំពិធីនាថ្ងៃនេះ អាជ្ញាធរមីន បានទទួលនូវគោលការណ៍អនុញ្ញាតពី សម្តេចតេជោ នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ សម្រាប់ការចូលរួមពីវិស័យឯកជនដល់ការងារបោសសម្អាតមីន គាំទ្រដល់ការអភិវឌ្ឍយ៉ាងឆាប់រហ័សក្នុងខេត្តព្រះសីហនុ ហើយនេះគឺជាពិធីចុះហត្ថលេខាលើកទី១ សម្រាប់ការចូលរួមរបស់វិស័យឯកជនដល់វិស័យមីននៅកម្ពុជា ជាមួយមិត្តចិន ដែលពិធីនេះបានកើតចេញពីទំនាក់ទំនងជាប្រវត្តិសាស្រ្តជាអមតៈពុំអាចកាត់ថ្លៃបាន ជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ពោពេញដោយភាពជិតសិ្នទ្ធប្រៀបដូចជាអណ្តាត និងធ្មេញមិនអាចបំបែកគ្នាបាន រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។ លោកបន្តទៀតថា ទោះបីជាពិធីនេះ ប្រព្រឹត្តិទៅរវាងអាជ្ញាធរមីន និងសមាគមជួយសង្រ្គោះប្រជាជននៅកម្ពុជា ក៏ដោយ ប៉ុន្តែវានឹងបម្រើដល់ផលប្រយោជន៍ខេត្តព្រះសីហនុទាំងមូល។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរអរគុណជូនចំពោះ លោក គួច ចំរើន ក៏ដូចជារដ្ឋបាលខេត្តព្រះសីហនុ ដែលបានសហការរៀបចំឲ្យមានពិធីនេះ ព្រមទាំងបានកោតសរសើរប្រកបដោយការវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តព្រះសីហនុ ក្រោមការដឹកនាំរបស់ លោក គួច ចំរើន មានការអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងបានប្រែក្លាយខេត្តព្រះសីហនុ ជាខេត្តដែលមមានសន្តិសុខសណ្តាប់ធ្នាប់ល្អ បរិស្ថានស្រស់ស្អាត និងមានសក្តានុពលក្នុងការទាក់ទាញការវិនិយោគពីគ្រប់មជ្ឈដ្ឋានទាំងអស់ជុំវិញពិភពលោក ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី។

ជាងនេះទៅទៀត ដើម្បីចូលរួមបំពេញនូវបំណងប្រាថ្នាដ៏ធំធេងបំផុតរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលតែងតែចង់ឃើញប្រជាជនកម្ពុជាទាំងអស់ បានទទួលនូវសុខសន្តិភាព និងសុវត្ថិភាពគ្រប់ៗគ្នា ក្នុងនាមសម្តេចតេជោ លោកទេសរដ្ឋមន្រ្តី លី ធុជ បានប្រគល់ជូន លោកអភិបាលខេត្ត ដឹកនាំកិច្ចការងារកៀរគរធនធាននេះ ដើម្បីគាំទ្រកិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅខេត្តព្រះសីហនុទាំងមូល ចូលរួមសម្រាកបន្ទុកដល់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី លី ធុជ បានសូមស្វាគមន៍ចំពោះគោលបំណង ចំពោះការផ្តួចផ្តើមគំនិត និងការតាំងចិត្តខ្ពស់ របស់សមាគមជួយសង្រ្គោះប្រជាជននៅកម្ពុជា នៃប្រទេសមហាមិត្តចិន ក្នុងការចលនាកៀរគរធនធានពីវិស័យឯកជន ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមានអាជ្ញាធរមីនជាសេនាធិការ ដើម្បីកម្ចាត់នូវឃាតករលាក់មុខឱ្យអស់ពីទឹកដីនៃខេត្តព្រះសីហនុ ក៏ដូចជាព្រះរាជាណាចក្រកម្ពុជាទាំងមូល ហើយលោកទេសរដ្ឋមន្រ្តី បានអំពាវនាវដល់អង្គការសង្គមស៊ីវិលចិន និងវិស័យឯកជនជាមិត្តចិន ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ជួយឧបត្ថម្ភគាំទ្រដល់ការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដើម្បីចូលរួមធានាសុវត្ថិភាពដល់ការអភិវឌ្ឍក្នុងខេត្ត និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមទៀតថា ជាងបីទសវត្សរ៍កន្លងមកនេះ ក្រោមមគ្គទេសក៍ដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ប្រទេសកម្ពុជា បានទទួលមកវិញហើយនូវសន្តិភាពពេញលេញ សុខក្សេមក្សាន្ត ស្ថេរភាព ឯករាជ្យ ឯកភាពជាតិ និងការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ។ លោកបន្តទៀតថា សម្រាប់កិច្ចសហប្រតិបត្តិការគាំទ្រនាថ្ងៃនេះ គឺជាការចូលរួមចំណែកមួយដល់កិច្ចគាំពារសន្តិភាព និងគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជា ក្រោយសមិទ្ធផលដ៏វិសេសវិសាលដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្រ្តខ្មែរកន្លងមក គឺជាពិសេសបានមកពីការខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ការពលីសាច់ស្រស់ឈាមស្រស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលក្នុងមួយជីវិតរបស់ សម្តេច ជាបុរសរដ្ឋ លោកតែងតែគិត និងដាក់ឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាធំ និងជាចំបង។

សូមបញ្ជាក់ថា ប្រទេសកម្ពុជា ប្រឈមនឹងបញ្ហាជាច្រើនពាក់ព័ន្ធនឹងមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលជាលទ្ធផល នៃសង្រ្គាមរ៉ាំរ៉ៃអូសបន្លាយនៅក្នុងប្រទេស ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ១៩៦០ រហូតមកដល់ចុងឆ្នាំ ១៩៩៨។ បញ្ហាមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា មានលក្ខណៈស្មុគ្រស្មាញយ៉ាងខ្លាំង ដោយសារសង្គ្រាមស៊ីវិល និងសង្គ្រាមពីខាងក្រៅ។

ខេត្តព្រះសីហនុ ក៏ជាខេត្តមួយបានរងគ្រោះដោយសារសង្រ្គាមដ៏ធ្ងន់ធ្ងរ។ តាមទិន្នន័យស្រាវជ្រាវមូលដ្ឋាន ផ្ទៃដីប្រមាណជាង ៥,៥ គីឡូម៉ែត្រក្រឡា ក្នុងខេត្តព្រះសីហនុ នៅប្រឈមនឹងគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅឡើយ បាននឹងកំពុងបន្តគំរាមកំហែងដល់អាយុជីវិតជនស្លូតត្រង់របស់យើង ហើយក៏ជាឧបសគ្គដ៏ធ្ងន់ធ្ងរដល់ការអភិវឌ្ឍនានាទៀតផង។ គិតចាប់តាំងពីឆ្នាំ១៩៧៩ ខេត្តព្រះសីហនុ មានជនរងគ្រោះសរុបចំនួន ៥៥៦ នាក់ ក្នុងនោះរងគ្រោះដោយសារគ្រាប់មីនចំនួន ៣៧១ នាក់ និងបាត់បង់ជីវិត ១៩៧ នាក់។

ជាការឆ្លើយតបលោកអភិបាលខេត្ត បានបង្ហាញនូវឆន្ទៈខ្ពស់ ទទួលយកនូវការងារបោសសម្អាតមីននេះ យកទៅពិចារណា និងលៃលក រកធនធាន ដើម្បីបញ្ចប់ការគម្រាមកំហែង ដោយសារមីន និងគ្រាប់អោយអស់ពីទឹកដីខេត្តព្រះសីហនុ ស្របតាមចក្ខុវិស័យ ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចតេជោ ឆ្ពោះទៅរកកម្ពុជាមួយគ្មានមីនឆ្នាំ២០២៥ ព្រមទាំងជួយជម្រុញការងារនេះ ឲ្យបានសម្រេចអោយបានឆាប់។