(ភ្នំពេញ)៖ ការប្រកួតជម្រុះស្វែងរក ៨នាក់ចុងក្រោយ ដើម្បីយកទៅលេងវគ្គផ្តាច់ព្រត័ត្រ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០១៦ នៅខេត្តសៀមរាប ត្រូវបានបញ្ចប់ហើយនាព្រឹកថ្ងៃសុក្រ ទី០៨ ខែមេសានេះ នៅទីស្នាក់ការគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា គ្រាដែលកីឡាករការពារតំណែង ជើងឯក២ជំនាន់ ឈាវ បូរ៉ា ហាលអាវ ។

ការប្រកួតជម្រុះជុំទី៤ ចុងក្រោយដែលមានស្តេចអុកចំនួន១៦រូបចូលរួម ចម្រាញ់យកតែ៨នាក់ ដើម្បីឡើងទៅលេងវគ្គ ១/៤, វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ ត្រូវបានរកឃើញអស់ហើយ គឺមានកីឡាករ រៀម វាសនា ទម្លាក់ ស៊ឹង រដ្ឋា, ហូយ សុខណា ឈ្នះ ឆយ វីរ៉ា, នូ ច័ន្ទផានិត ឈ្នះ គឹម នេត្រា, សៅ ម៉ិចសុភា ឈ្នះ វ៉ាន់ សុខា, សេង សុធា ឈ្នះ នួន បុត្រ, ហេង សៅឌី ទម្លាក់ជើងខ្លាំង ឈាវ បូរ៉ា, រស់ រិទ្ធីយ៉ា ឈ្នះ សេក សុភ័ណ្ឌ និងកីឡាករ ម៉េង សេរីសម្បត្តិ ឈ្នះ ធីម ឌីណា ។
សូមបញ្ជាក់ផងដែរ ទាំងជើងខ្លាំង៨នាក់ត្រូវចាប់ឆ្នោតជ្រើសរើសគូប្រកួត នៅក្នុងឱកាសអង្គរសង្រ្កាន្ត ឆ្នាំ២០១៦ ថ្ងៃចូលឆ្នាំថ្មីប្រពៃណី ជាតិខ្មែរ ដែលប្រកួតនៅមុខប្រាសាទអង្គរវត្តតែម្តង ដោយជើងឯកលេខ១ នឹងទទួលបាន ប្រាក់រង្វាន់ ១២លានរៀល លេខ២ ទទួលបាន៨លានរៀល និងលេខ៣ នឹងទទួលបាន៤លានរៀល ៕