(ភ្នំពេញ)៖ លោកស្រីបណ្ឌិត សឿង រដ្ឋចាវី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា និងលោក ង្វៀន គួកហ្ស៊ុង អនុរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានធ្វើជាសហប្រធាននៃកិច្ចប្រជុំពិគ្រោះយោបល់នយោបាយរវាងកម្ពុជា-វៀតណាម លើកទី៧ តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេសដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

នៅក្នុងកិច្ចប្រជុំ កម្ពុជា និងវៀតណាមបានជម្រាបជូនគ្នាអំពីស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសរៀងខ្លួន និងអាទិភាពរបស់រដ្ឋាភិបាលដែលផ្ដោតជាចំបងទៅលើការដោះស្រាយបញ្ហារីករាលដាលសកលនៃវីរុសកូវីដ១៩ និងស្ដារសេដ្ឋកិច្ចរបស់ប្រទេសឡើងវិញស្របគ្នាក្នុងពេលតែមួយ។

ភាគីទាំងពីរ មានការពេញចិត្តដោយកត់សម្គាល់ឃើញថា ទោះបីជាមានបញ្ហាប្រឈមនានាបណ្ដាលមកពីជំងឺរាតត្បាតសកលកូវីដ-១៩ មិត្តភាពជាប្រពៃណី និងទំនាក់ទំនងជិតស្និទ្ធ ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបានបន្តរីកលូតលាស់លើគ្រប់វិស័យរួមមាននយោបាយ និងសន្តិសុខ ការឆ្លើយតបនឹងជំងឺរាតត្បាតសកលកូវីដ-១៩ ពាណិជ្ជកម្ម និងវិនិយោគ អប់រំ និងវប្បធម៌ ទេសចរណ៍ ថាមពល ការតភ្ជាប់ និងកិច្ចសហការរវាងក្រសួងការបរទេសទាំងពីរ។

ភាគីទាំងពីរបានសង្កត់ធ្ងន់អំពីសារសំខាន់ និងលទ្ធផលវិជ្ជមាននៃការផ្លាស់ប្តូរទំនាក់ទំនងជាញឹកញាប់រវាងថ្នាក់ដឹកនាំទាំងពីរ តាមរយៈការជួបដោយផ្ទាល់ តាមប្រព័ន្ធវីដេអូ និងទូរស័ព្ទ។ ការប្រាស្រ័យទាក់ទងផ្ទាល់ខ្លួនដ៏ល្អ រវាងថ្នាក់ដឹកនាំបានជំរុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយផ្លែផ្កា រវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីម្ដងទៀតនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែងរួមទ្វេដង ក្នុងការធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ ដើម្បីបន្តធ្វើឱ្យទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងវៀតណាមកាន់តែល្អប្រសើរឡើងថែមទៀត និងស្វែងរកនូវសក្តានុពលនានា របស់ប្រទេសទាំងពីរបន្ថែមទៀត ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជនទាំងពីរ។

សហប្រធានទាំងពីរ បានសង្កត់ធ្ងន់អំពីតួនាទីដ៏សំខាន់របស់ក្រសួងការបរទេសទាំងពីរ ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយឈរលើស្មារតីនៃភាពជាអ្នកជិតខាងល្អ សាមគ្គីភាព ជំនឿទុកចិត្ត ការយោគយល់គ្នា និងការគោរពគ្នាទៅវិញទៅមក។

ភាគីទាំងពីរបានកោតសរសើរនូវវិធានការដ៏មានប្រសិទ្ធភាពដែលបានដាក់ចេញដោយប្រទេសទាំងពីរ និងកិច្ចសហការជិតស្និទ្ធក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលកូវីដ-១៩។ ភាគីទាំងពីរបានឯកភាពគ្នាអំពីភាពចាំបាច់ក្នុងការបន្តធ្វើការជិតស្និទ្ធ ដើម្បីជម្នះវិបត្តិសុខភាពសកលដែលមិនធ្លាប់មានពីមុនមកនេះ។ ភាគីទាំងបានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការឧបត្ថម្ភប្រកបដោយចិត្តសប្បុរស ជាថវិកា និងសម្ភារៈវេជ្ជសាស្រ្ត ផ្តល់ដោយរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា និងវៀតណាម ដែលជាកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលសកលនេះ។

ចំពោះកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ និងសន្តិសុខ ភាគីទាំងពីរបានគូសបញ្ជាក់ពីសារៈសំខាន់ នៃការពង្រឹងការសម្របសម្រួល ដើម្បីបង្ការ និងប្រយុទ្ធប្រឆាំងនឹងបទល្មើសព្រហ្មទណ្ឌ រួមមានបទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន ការរត់ពន្ធ និងជួញដូរឈើ និងអាវុធខុសច្បាប់ តាមរយៈការផ្លាស់ប្តូរព័ត៌មានឱ្យបានទាន់ពេលវេលា។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការព្រំដែន ភាគីទាំងពីរបានស្វាគមន៍ពិធីផ្លាស់ប្តូរលិខិតូបករណ៍ នៃការផ្តល់សច្ចាប័នលើឯកសារច្បាប់សំខាន់ចំនួនពីរ ដើម្បីកត់ត្រាការសម្រេចបាន ៨៤% នៃការខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងប្រទេសទាំងពីរជាផ្លូវការ។ ភាគីទាំងពីរបានឯកភាព ធ្វើការពន្លឿនកិច្ចពិភាក្សាក្នុងការស្វែងរកដំណោះស្រាយដែលអាចទទួលយកបានទាំងសងខាង ចំពោះព្រំដែនគោកចំនួន១៦% ដែលនៅសល់មិនទាន់បានខណ្ឌសីមា។

ភាគីទាំងពីរបានកត់សម្គាល់ដោយពេញចិត្តអំពីនិន្នាការវិជ្ជមាន នៃពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាម ទោះបីស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចដ៏លំបាកដែលបានអូសបន្លាយដោយសារជំងឺរីករាលដាលសកលនេះ។ ទំហំពាណិជ្ជកម្មបានកើនឡើងជាលំដាប់ពីចំនួន ៥,២៦ ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ ២០១៩ ដល់ ៥,៣៣ ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ និងបានកើនដល់ ៦,០៣ ប៊ីលានដុល្លារអាមេរិក ត្រឹមរយៈពេល៧ខែក្នុងឆ្នាំ២០២១។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យធនធានមនុស្ស កម្ពុជាបានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវៀតណាមដែលបានបន្តជួយក្នុងការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា។ ភាគីទាំងពីរបានស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិរបស់កម្ពុជា និងបណ្ឌិត្យសភាការទូតវៀតណាម (DAV) ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ជិតស្និទ្ធ និងទន្ទឹងរង់ចាំការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងស្ថាប័នទាំងពីរក្នុងពេលឆាប់ៗខាងមុខនេះ។
ក្រៅពីនេះ ប្រទេសទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌពហុភាគី ដូចជា អាស៊ាន កិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) អង្គការសហប្រជាជាតិ និងក្របខ័ណ្ឌអនុតំបន់មេគង្គ ផងដែរ។ ភាគីទាំងពីរក៏បានជម្រាបជូនអំពីទំនាក់ទំនងក្រៅប្រទេសរបស់ខ្លួនជាមួយដៃគូសំខាន់ៗ ក៏ដូចជាការផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាប្រយោជន៍ និងកង្វល់រួម រួមមានទិដ្ឋភាពទូទៅនៃភូមិសាស្រ្តនយោបាយតំបន់ និងសកល បញ្ហាមីយ៉ាន់ម៉ា បញ្ហាសមុទ្រចិនខាងត្បូង និងកិច្ចសហប្រតិបត្តិការត្រីភាគីអូស្ត្រាលី-អង់គ្លេស-អាមេរិក (AUKUS)។

ទន្ទឹមនឹងការសម្តែងនូវការត្រៀមខ្លួនរួចរាល់របស់កម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី ១៣ (ASEM13) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ និងការទទួលតំណែងជាប្រធានអាស៊ានឆ្នាំ២០២២ វៀតណាមក៏បានបញ្ជាក់សាជាថ្មីម្ដងទៀតអំពីការគាំទ្រ យ៉ាងពេញលេញចំពោះកម្ពុជាផងដែរ។ ភាគីទាំងពីរបានគូសបញ្ជាក់ពីសារសំខាន់នៃការធ្វើការជិតស្និទ្ធជាមួយគ្នា ដើម្បីពង្រឹងឯកភាពអាស៊ាន មជ្ឈភាពអាស៊ាន និងសារៈសំខាន់របស់អាស៊ាននៅក្នុងនិម្មាបនកម្មតំបន់ ដែលកំពុងវិវត្តន៍ ដើម្បីថែរក្សាសន្តិភាព សន្តិសុខ និងស្ថេរភាពសម្រាប់ការអភិវឌ្ឍន៍ ប្រកបដោយចិរភាពនៅក្នុងតំបន់ និងពិភពលោក។

ភាគីទាំងពីរបានពិភាក្សាអំពីការត្រៀមរៀបចំកិច្ចប្រជុំលើកទី ១៩ នៃគណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែធ្នូ ឆ្នាំ២០២១ នៅកម្ពុជា និងការប្រារព្ធខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា- វៀតណាម។ ប្រទេសទាំងពីរបានឯកភាពកំណត់យកឆ្នាំ ២០២២ ជា «ឆ្នាំមិត្តភាពកម្ពុជា-វៀតណាម»។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់អំពីសកម្មភាពនានា ដើម្បីរួមគ្នាអបអរសាទរនូវសមិទ្ធផលសំខាន់ៗ នៅក្នុងទំនាក់ទំនងកម្ពុជា-វៀតណាម។

 កម្ពុជា និង វៀតណាម បានឯកភាពរៀបចំកិច្ចប្រជុំពិគ្រោះយោបល់នយោបាយ លើកទី៨ នៅឆ្នាំ២០២៣ នៅកម្ពុជា៕