(ភ្នំពេញ)៖ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC) សហការជាមួយវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា នារសៀលថ្ងៃសៅរ៍ ទី២៣ ខែតុលា ឆ្នាំ២០២១ បានធ្វើរៀបចំសិក្ខាសាលាមួយឡើងក្នុងគោលបំណងបង្កើនការយល់ដឹងដល់និស្សិតកម្ពុជា ស្តីអំពីវិធីសាស្រ្តទទួលបានអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសចិន។

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង (១) លើកទឹកចិត្ត និងតម្រង់ទិសជូនបងប្អូនយុវជន សិស្សិ-និស្សិត ទៅបន្តការសិក្សានៅប្រទេសចិន (២) ជំរុញកំណើននិស្សិតកម្ពុជាឱ្យកាន់តែច្រើន ទៅបន្តសិក្សានៅប្រទេសចិន និង(៣) ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមដឹកនាំប្រកបដោយកិត្តិបណ្ឌិត និងភាពប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការបង្កើន និងពង្រឹងធនធានមនុស្សដើម្បីចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ។

នៅក្នុងឱកាសនោះផងដែរ លោក ស៊ូ សិទ្ធិគុណ អនុប្រធានស.ន.ក.ច. អាណត្តិទី ៤ បានធ្វើការណែនាំអំពីនីតិវិធី និងការរៀបចំខ្លួនមួយចំនួនដើម្បីទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន ភ្ជាប់ជាមួយនឹងការចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនក្នុងការរស់នៅ និងសិក្សានៅប្រទេសចិនរបស់ កញ្ញា អ៊ុ ឡាលីន អនុប្រធានផ្នែកអាហារូបករណ៍អាណត្តិទី ៣។ ជាមួយគ្នានោះដែរ លោក ណែន ចំណាប់ ដែលជានិស្សិតទើបប្រឡងជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសចិន ក៏បានចែករំលែកនូវបទពិសោធន៍ និងគន្លឹះមួយចំនួនដើម្បីទទួលបានលទ្ធផលល្អប្រសើរសម្រាប់ការប្រឡងអាហារូបករណ៍របស់តាមរយៈក្រសួងអប់រំ យុវជន និងកីឡា។

ទន្ទឹមនឹងនេះ នាយកវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា លោក តាំង ម៉េងឆុង បានធ្វើបទបង្ហាញស្តីអំពីការបណ្តុះបណ្តាលភាសាចិនទូទៅនៅវិទ្យាស្ថាន ក៏ដូចជាអត្ថប្រយោជន៍នៃការសិក្សាភាសាចិន រួមជាមួយ លោក ស្រ៊ុន ហុកវៃ មន្ត្រីរបស់វិទ្យាស្ថាន ក៏បានលើកឡើងបន្ថែមអំពីលក្ខខណ្ឌ ក្នុងការទទួលបានអាហារូបករណ៍ខុងជឺ(ក្រោយមកប្តូរឈ្មោះជាអាហារូបករណ៍គ្រូបង្រៀនភាសាចិនអន្តរជាតិ) ដើម្បីទៅសិក្សាភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិន។

ជាចុងក្រោយ លោក អ៊ុំ វុទ្ធទី ស្ថាបនិក និងជាប្រធានកិត្តិយសសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន បានផ្តាំផ្ញើលើកទឹកចិត្តដល់សិស្សនិស្សិតខិតខំប្រឹងប្រែង ហើយសមាគមនឹងគាំទ្រជួយជំរុញឲ្យនិស្សិតកម្ពុជាមានឱកាស ទៅសិក្សានៅប្រទេសចិនឲ្យបានកាន់តែច្រើនឡើង។ ជាមួយគ្នានេះផងដែរសម្រាប់សិស្សនិស្សិតណាដែលមានវត្តមានចូលរួមកម្មវិធីនេះ សមាគមរីករាយនឹងចេញលិខិតឧទ្ទេសនាមដើម្បីជាទម្ងន់ក្នុងការដាក់ពាក្យស្នើសុំទៅសិក្សានៅប្រទេសចិន ជូនបងប្អូននិសិ្សតកម្ពុជាដែលមានសមត្ថភាព មានការព្យាយាម និងសក្តានុពលគ្រប់គ្រាន់៕