(ភ្នំពេញ)៖ មន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦ បានប្រារព្ធទិវាវេជ្ជសាស្ដ្រលើកទី២០ និងថែទាំវេជ្ជសាស្ដ្រ លើកទី៧ ដែលមានរយៈពេល២ថ្ងៃ ដើម្បីពិភាក្សាផ្លាស់ប្ដូរយោបល់គ្នា ក្នុងការពិគ្រោះជំងឺ ការស្រាវជ្រាវការរករោគវិនិច្ឆ័យជំងឺកាន់តែមាន គុណភាព និងក្នុងគោលដៅកាត់បន្ថយ អត្រាមរណភាពខ្ពស់។

លោកសាស្រ្ដចារ្យ  ស៊ា ហួង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា នេះជាកាតព្វកិច្ចចំាបាច់ របស់លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ និងគិលានុបដ្ឋាក-យិកាទាំងអស់គ្នា ក្នុងការបង្កើននូវចំណេះដឹងគ្រប់ផ្នែក ពិសេសទៅលើការពិភាក្សាផ្លាស់ប្ដូរយោបល់ ស្វែងយល់ពីភាពពិតនៃអ្នកជំងឺ ហើយយកមកវិភាគ ដើម្បីស្រាវជ្រាវបន្ថែមទៀត សម្រាប់តាមដាន និងពិនិត្យថែទាំជំងឺ ព្រមទាំងពង្រឹង ការអនុវត្ដក្រមសីលធម៌ វិជ្ជាជីវៈរបស់ខ្លួនកាន់តែប្រសើរក្នុងគោលដៅកាត់បន្ថយអត្រាមរណភាពខ្ពស់។

លោកថ្លែងបន្ដថា អ្វីដែលយើងព្រួយបារម្ភខ្លាំងនោះ គឺ អត្រាមរណៈដោយគ្រោះថ្នាក់ចរាចរណ៍តែម្ដង ដែលជាមូលហេតុចម្បងមួយ ក្នុងចំណោមមូលហេតុដ៏ទៃទៀត ដែលនាំឲ្យអត្រាមរណភាពខ្ពស់  ដូច្នេះការប្រារព្ធទិវាទិវាវេជ្ជសាស្ដ្រ និងថែទាំវេជ្ជសាស្ដ្រនេះ បានពង្រឹងការសង្គ្រោះ ការថែទាំ និងការព្យាបាលបង្កដោយគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសគ្រោះថ្នាក់ចរាចរណ៍ប៉ះទង្គិចក្បាល ។

លោកថ្លែងបន្ដថា «ខ្ញុំក៏សូមអំពាវនាវឲ្យមន្រ្ដីរាជការទាំងអស់ ពង្រឹងនូវបច្ចេកទេស ផ្លាស់ប្ដូរឥរិយាបថពីទម្លាប់មិនល្អ ទៅជាអ្នកផ្ដល់នូវ សេវាជូនប្រជាពលរដ្ឋប្រកបដោយ សីលធម៌ថ្លៃថ្នូរ មិនរើសអើងអ្នកជំងឺ ស្របនឹងសុភាសិតលើកឡើងថា (គ្រូពេទ្យជាមាតាដ៏ល្អរបស់ អ្នកជំងឺ)»

គួរបញ្ជាក់ផងដែរថា ទិវាវេជ្ជសាស្ដ្រលើកទី២០ និងថែទាំវេជ្ជសាស្ដ្រលើកទី៧ ដែលមានរយៈពេល២ថ្ងៃ គឺថ្ងៃទី៧-៨ ខែមេសា ឆ្នាំ២០១៦នេះ នឹងបិទបញ្ចប់ដោយក្រោមអធិបតីភាព រដ្ឋមន្រ្ដីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង៕

Advertising