(ភ្នំពេញ)៖ កាលពីពេលថ្មីៗកន្លងទៅនេះ លោក សមរង្សី ប្រធានគណបក្ស CNRP ធ្វើបទវិភាគវាយប្រហារតាមទំព័រ Facebook របស់លោកផ្ទាល់ មកលើទំព័រ Facebook សម្តេចតេជោ ហ៊ុន សែន មានលក្ខណៈវាយប្រហារបង្ខូចកិត្តិយសដូចជា ការលើកឡើងថា សម្តេចតេជោទិញ Like ពី Click farms នៅឥណ្ឌា ឬបញ្ជាឲ្យមានមនុស្សបង្កើត Facebook Fake Accounts ឲ្យបានច្រើនជាដើម ដើម្បី Likes Page សម្តេច ពីព្រោះឃើញសម្តេចតេជោ មានអត្រាជនបរទេសចូលចិត្តលោកច្រើន និងបានសរសេរដោយមានអំនួតថា មានតែ Page លោក សម រង្សី ខ្លួនឯងទើបមានប្រជាពលរដ្ឋក្នុងស្រុកចូលចិត្តច្រើន។

ក្រោយពីបានសិក្សាទៅលើ Policy និងទាក់ទងទៅ Facebook គឺបានបញ្ជាក់ច្បាស់ថា Facebook មិនគាំទ្រចំពោះ Page ទាំងឡាយណាដែលប្រើប្រាស់យុទ្ឋសាស្រ្តទិញ Likes ពីប្រភពល្មើសមិនពិត (Fake Accounts/ Fake Profiles, Click farms)។ សព្វថ្ងៃ Facebook កំពុងលប់ Accounts/Profiles ដែលធ្វើការបន្លំមិនពិតទាំងនោះ ហើយនឹងឈានទៅបិទ Accounts/Pages ទាំងឡាយណាដែលទៅទិញ Likes ពីប្រភព Click Farms ទោះបីនៅប្រទេសណាក៏ដោយគឺចាត់ទុកថា ជាទង្វើល្មើសច្បាប់។ ទន្ទឹមនឹង Facebook បាន Verified បញ្ជាក់ថា Page សម្តេចតេជោ គឺពិតជា Page ត្រឹមត្រូវមែន គឺ Facebook ក៏បានពិនិត្យច្បាស់លាស់ហើយ ថា Page សម្តេច ហ៊ុន សែន គឺមិនបានទិញ Likes ពី Click farms ដូចដែលបានចោទ និងវាយប្រហារដោយ លោក សមរង្សី មេបក្សប្រឆាំងឡើយ។ បើសិនជាមានពិតមែន គឺ Facebook ក៏អាចបិទ Account សម្តេចតេជោបានដែរ ព្រោះល្មើសច្បាប់ (Policy)។

ចំពោះចំណុចទី២ ដែល លោក សម រង្សី ហាក់ដូចជាមានអំនួតអំពីប្រជាប្រីយ៌ភាពលោក ដែលថា ប្រជាពលរដ្ឋក្នុងប្រទេសចូលចិត្ត លោកខ្លាំងជាងសម្តេចតេជោ។ តែការពិតក្រោយពីបានតាមដាន និងពិនិត្យទៅលើស្ថិតិកំណើន Likes ប្រចាំថ្ងៃគឺបានបញ្ជាក់ច្បាស់ថា លោក សម រង្សី ប្រើប្រាស់ Facebook មុនសម្តេចតេជោជាង២ឆ្នាំ ដូច្នេះច្បាស់ណាស់គឺមានពលរដ្ឋខ្មែរស្គាល់ Account/Profile លោកច្រើន ហើយគិតថា ចំនួន Likes ក៏មានច្រើនជាងសម្តេចតេជោដែរ។ ប៉ុន្តែជាក់ស្តែង Facebook លោក សម រង្សី ក៏មានជនបរទេសគាំទ្រ មួយចំនួនទៀតផង ។ អញ្ចឹងមានតែខ្លួន លោក សម រង្សី ផ្ទាល់បានទិញ Likes ពី Click Farms ឬពី Fake profiles ដែលខ្លួនបានឲ្យកូនចៅបង្កើត?

តែចំពោះសម្តេចតេជោវិញ គឺទើបប្រើប្រាស់ Facebook ជាង៦ខែ គឺបើគិតមកទល់ថ្ងៃនេះ គឺមានប្រជាពលរដ្ឋខ្មែរក្នុងប្រទេសគាំទ្រ Likes ចំនួន 2,033,213 រីឯ លោក សម រង្សី មានតែ 1,932,948 នេះសបញ្ជាក់ថា Page សម្តេចតេជោ គឺមានប្រជាប្រិយ៍ភាពខ្លាំង និង មានអ្នកគាំទ្រក្នុងប្រទេសច្រើនជាង លោក សម រង្សី ចំនួន 100,265 Likes។ បើគិតពីចំនួនសរុប Likes ទាំងអស់ (Total Page Likes) ដែលពលរដ្ឋទាំងក្នុង និងក្រៅប្រទេសគាំទ្រ សម្តេចតេជោ គឺមានចំនួន 3,663,273 likes, រីឯលោក សមរង្សីវិញ គឺមានត្រឹមតែ 2,363,509 Likes គឺចាញ់សម្តេចតេជោ 1,299,764 (មកទល់ថ្ងៃទី៧ ខែ មេសា ឆ្នាំ ២០១៦, ១០:០០នាទីយប់) ។

ការលើកឡើងរបស់ លោក សម រង្សី ហាក់ដូចជា មានចិត្តចង្អៀតចង្អល់ដោយគ្រាន់តែជនបរទេសគាំទ្រគោរពស្រឡាញ់ ហើយ Likes ឲ្យសម្តេច ក៏លោកខំព្យាយាមទាញហេតុផលដែលគ្មានការពិត មកវាយប្រហារធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ លោក សម រង្សី ត្រូវតែទទួលស្គាល់នូវការពិតនៃចំណុចខ្សោយរបស់ខ្លួនលោកមួយចំនួន ដែលសាធារណៈជនបានឃើញ និងដឹងឮគ្រប់ៗគ្នាដូចជា លោក សម រង្សី រស់នៅបរទេស និយាយភាសាបរទេស គួរតែមានជនបរទេសចូលចិត្តច្រើនជាង សម្តេចតេជោ តែផ្ទុយទៅវិញគឺមានជនបរទេស គាំទ្រសម្តេចតេជោច្រើនជាងលោក សម រង្សី ទៅវិញ។ មានបរទេសគាំទ្រប្រមុខដឹកនាំប្រទេសកម្ពុជាច្រើន គឺបង្ហាញឲ្យឃើញពីការ និយមចូលចិត្តគោរពស្រឡាញ់របស់ពួកគេមកលើមេដឹកនាំខ្មែរ។ ទន្ទឹមនឹងនេះកម្ពុជា គឺកាន់តែពង្រឹង និងពង្រីកបាននូវមិត្តភាព និងសហប្រតិបត្តិការជាមួយអន្តរជាតិកាន់តែបានទូលំទូលាយថែមទៀតផង។

ក្រោយពីបានពិនិត្យ និងសិក្សាទៅលើកំណើន (Likes) ប្រចាំថ្ងៃរវាងសម្តេចតេជោ ហ៊ុន សែន និងលោក សម រង្សី គឺបានបង្ហាញច្បាស់ថា ទំព័រ Facebook របស់សម្តេចតេជោ គឺមានប្រជាប្រីយនិងទាក់ទាញពលរដ្ឋច្រើនជាង លោក សម រង្សី ហើយខ្លឹមសារនៃព័ត៌មានរួមមាន រូបភាព វីដេអូ LIVE និងអត្ថបទ គឺមានការទាក់ទាក់ទាញច្រើនជាង លោក សម រង្សី ។ នេះបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ថា លោក សម រង្សី មេបក្សប្រឆាំង គឺខ្សោយទាំងកិច្ចការនយោបាយ និងខ្សោយទាំងការងារបច្ចេកវិទ្យា ហើយនិយាយមិនពិត ដែលពលរដ្ឋមិនអាចសង្ឃឹមលើអ្នកដឹកនាំបែបនេះតទៅ ទៀតបានឡើយ។ ទន្ទឹមនឹងនេះ លោក សម រង្សី ក៏ត្រូវទទួលខុសត្រូវនូវអ្វីដែលខ្លួនបាននិយាយភូតកុហកមិនពិត ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា៕