(ស្ទឹងត្រែង)៖ ក្រោយពីភ្លើងបានឆេះបំផ្លាញផ្សារក្រុងស្ទឹងត្រែងកាលពីយប់មិញ ដោយបានបំផ្លាញតូបលក់ដូររបស់អាជីវករប្រមាណ១២២០តូប ហើយសង្ស័យការឆេះនេះបណ្តាលមកពីទុស្សេខ្សែភ្លើង ដែលខ្សែបណ្តាញចរន្តអគ្គិសនីនៅក្នុងផ្សារនោះ គណៈកម្មការផ្សារជាអ្នករៀបចំ គ្មានស្តង់ដារត្រឹមត្រូវ។

ឆ្លើយតបនឹងបញ្ហានេះ លោក កែវ​ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា បានថ្លែងប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៦នេះ ឲ្យដឹងថា អគ្គិសនីកម្ពុជា ប្រកាសត្រៀមខ្លួនជាស្រេច ដើម្បីចូលជួយរៀបចំប្រព័ន្ធបណ្តាញខ្សែអគ្គិសនីលក្ខណៈស្តង់ដារ នៅក្នុងផ្សារធំ ក្រុងស្ទឹងត្រែង ប្រសិនបើគណៈកម្មការផ្សារត្រូវការ។

លោក កែវ រតនៈ បានបញ្ជាក់ថា​ ការចូលជួយរៀបចំប្រព័ន្ធបណ្តាញខ្សែអគ្គិសនីលក្ខណៈស្តង់ដារ នៅក្នុងផ្សារធំ ក្រុងស្ទឹងត្រែង ដើម្បីជៀសវាងបញ្ហាណា មួយកើតឡើងជាយហេតុ ដោយសារទុស្សេខ្សែភ្លើងបណ្តាលឲ្យមានអគ្គិភ័យឆាបឆេះ ព្រោះមិនចង់ឃើញបញ្ហាដដែលៗ កើតឡើងហើយកើតឡើងទៀត។

សូមជំរាបថា ស្នងការនគរបាលខេត្តស្ទឹងត្រែង ឧត្តមសេនីយ៍ ម៉ៅ តារា បានបញ្ជាក់ថា អគ្គិភ័យដែលបានឆាបឆេះផ្សារ ក្រុងស្ទឹងត្រែងនាយប់មិញ ជាលទ្ធផលនៃទំហំការខូចខាតនោះ គឺភ្លើងបានបំផ្លាញតូបលក់ដូររបស់អាជីវករចំនួន១២២០តូប តែលោកមិនទាន់ដឹងថា គិតជាទឹកប្រាក់អស់ប៉ុន្មាននោះទេ ដោយរង់ចាំការ សួរនាំពីបងប្អូនអាជីវករបន្តទៀត។

អគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោង១០៖០៥នាទីយប់ថ្ងៃ៧ ខែមេសា ឆ្នាំ២០១៦ ដោយមានអណ្តាតភ្លើងឆេះ យ៉ាងសន្ធោសន្ធៅចេញពីកណ្តាលផ្សារ។ ដោយសារតែស្ថានភាព ពិបាកគ្រប់គ្រង ពីព្រោះតែភ្លើងឆាបឆេះមានល្បឿនលឿនខ្លាំងពេក កម្លាំងសមត្ថកិច្ចបានសម្រេចប្រើ ​អេស្កាវ៉ាទ័រកាយតូបសងខាង ដើម្បីទប់ស្កាត់កុំឲ្យរាលដាលដល់ផ្ទះប្រជាជនជុំវិញផ្សារ៕

នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធនឹងចុះទៅសួរនាំ និងធ្វើរបាយការណ៍បន្ថែមស្តីអំពីការខូចខាតព្រម ទាំងបាត់បង់ទ្រព្យសម្បត្តិ​នៅតាមតូបលក់ដូរ​នីមួយៗ។ យ៉ាងណាក៏ដោយ សម្រាប់អគ្គិភ័យដ៏ខ្លាំងក្លាមួយនេះមិនមានសេចក្តីរាយការណ៍ អំពីគ្រោះថ្នាក់ ដល់អាយុជីវិតប្រជាពលរដ្ឋនោះឡើយ៕