(ស្ទឹងត្រែង)៖ ស្នងការនគរបាលខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ ម៉ៅ តារា បានបញ្ជាក់ថា អគ្គិភ័យដែលបានឆាបឆេះផ្សារក្រុងស្ទឹងត្រែងនាយប់មិញ ជាលទ្ធផល នៃទំហំការខូចខាតនោះ គឺភ្លើងបានបំផ្លាញតូបលក់ដូររបស់អាជីវករចំនួន១២២០តូប តែលោកមិនទាន់ដឹងថា គិតជាទឹកប្រាក់អស់ប៉ុន្មាននោះទេ ដោយរង់ចាំការ សួរនាំពី បងប្អូនអាជីវករបន្តទៀត។

សូមបញ្ជាក់ថា អគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោង១០និង៥នាទីយប់ថ្ងៃ៧ ខែមេសា ឆ្នាំ២០១៦ ដែលមានអណ្តាតភ្លើងឆេះ យ៉ាងសន្ធោសន្ធៅចេញពីកណ្តាលផ្សារ។

លោកស្នងការបានបញ្ជាក់នៅក្នុងរបាយការណ៍ថា «យើងបានប្រើប្រាស់កម្លាំង វិធានការ និងមធ្យោបាយសរុប ដោយមានរថយន្តពន្លត់អគ្គិភ័យរបស់ខេត្តចំនួន៣​គ្រឿង រថយន្ដដឹកទឹករបស់មន្ទីរសាធារណការចំនួន២គ្រឿង រថយន្តរបស់ប្រជាជន៣គ្រឿង​ និងរថយន្តពន្លត់អគ្គយភ័យពីស្នងការដ្ឋានខេត្តក្រចេះ​ និងខេត្តរតនគីរី២គ្រឿងមកជួយផងដែរ»​។

ដោយសារតែស្ថានភាព ពិបាកគ្រប់គ្រងដោយជោគជ័យ ពីព្រោះតែភ្លើងឆាបឆេះមានល្បឿនលឿនខ្លាំងពេក កម្លាំងសមត្ថកិច្ចបានសម្រេចប្រើ ​អេស្កាវ៉ាទ័រកាយតូបសងខាង ដើម្បីទប់ស្កាត់កុំឲ្យរាលដាលដល់ផ្ទះប្រជាជនជុំវិញផ្សារ។

លោកស្នងការបានបង្ហាញការលំបាក នៃប្រតិបត្តិការ ពន្លត់អគ្គិភ័យមួយនេះថា «មូលហេតុគ្រប់គ្រងសភាពការណ៍មិនបាន​ ដោយសារភ្លើងចាប់ផ្តើមឆេះខ្លាំងពីកណ្តាល​ ពិបាកចូល​ និងមានធុងហ្គាសជាច្រើនបានផ្ទុះឡើង»។

នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធនឹងចុះទៅសួរនាំ និងធ្វើរបាយការណ៍បន្ថែម ស្តីអំពី ការខូចខាតព្រមទាំងបាត់បង់ទ្រព្យសម្បត្តិ​នៅតាមតូបលក់ដូរ​នីមួយៗ។ យ៉ាងណាកដ៏ដោយ សម្រាប់អគ្គិភ័យដ៏ខ្លាំងក្លាមួយនេះ មិនមានសេចក្តីរាយការណ៍អំពីគ្រោះថ្នាក់ ដល់អាយុជីវិតប្រជាពលរដ្ឋនោះឡើយ៕

Posted by Sorn Sopheak on Thursday, April 7, 2016