(ភ្នំពេញ)៖ ស្ត្រីម្នាក់តូចចិត្ត និងប្ដីសុំលែងលះ ហើយថែមទាំងវាយគាត់​បណ្ដាលឲ្យរងរបួសជាំភ្នែក បានស្រែកយំ ហើយរត់មក​ដាក់ពាក្យបណ្ដឹង ដើម្បីសុំឲ្យ​សមត្ថកិច្ច​ប៉ុស្ដិ៍ទួលសង្កែ ខណ្ឌឬស្សីកែវ ជួយអន្តរាគមន៍​ដល់រូបគាត់ ប៉ុន្តែចុងក្រោយដោយសារ​តែចិត្តមិនដាច់ ពោលនៅ​តែស្រឡាញ់​ប្ដី ពីព្រោះតែមិន​ចង់ឲ្យកូន​ស្រីកំព្រា​ឪពុក រួចក៏សម្រេចចិត្តលែង​ដាក់​ពាក្យប្ដឹងលើប្ដី​របស់ខ្លួន​ទៅវិញ។

ស្ត្រីរងគ្រោះបានប្រាប់អ្នកសារព័ត៌​មាន​ទាំង​អួលដើម​-កថា ស្វាម៉ីរបស់គាត់​ដោយខឹង និងគាត់ សម្រាប់តែបាន​រត់ចេញពីផ្ទះ ជាច្រើនលើកច្រើនសារមកហើយ និងពេលនេះ បានរត់ចេញពីផ្ទះ​បាត់រយះពេល១​ខែកន្លះឯណោះ។ គាត់មានការអាណិត​អាសូដល់ស្វាម៉ី និងមិនចង់ឲ្យកូ​ន​កំព្រាឪពុក បានចំណាយពេល​ជាច្រើនថ្ងៃ ដើម្បីស្វែងរកស្វាម៉ី ហើយស្រាប់តែ​ឃើញនៅបន្ទប់ជួលស្ថិតក្នុង សង្កាត់ក្រាំង​ធ្នង់ ខណ្ឌសែនសុខ កាលពីថ្ងៃសៅរ៍ទី១ ខែ មេសា ឆ្នាំ២០១៦ ពេលនោះក៏បានលួងលោម​បបួលស្វាម៉ី ឲ្យត្រឡប់មកផ្ទះវិញ។ លុះមកដល់ព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៦ បុរសជាប្ដី​ដោយមិនចោលគំនិតខូច បានទៅទិញស្រាថ្នាំចំនួន២ដបដើម្បីផឹក ហើយក្រោយពីផឹក​ស្រាថ្នាំ២ដប​អស់ បុរសជាប្ដីមិនអស់ចិត្តបានទៅទិញស្រាបៀរខ្លាខ្មៅបន្ថែមចំនួន៨កំប៉ុងទៀត ដើម្បីផឹក​ឲ្យស្រវឹង។ បន្ទាប់ពីស្រវឹងស្រាជោគជាំបុរសជាប្ដីបានបញ្ចេញចរិករករឿងជេរប្រមាថ និងវាយស្ត្រីរងគ្រោះជាប្រពន្ធបណ្ដាលឲ្យរងរបួសជាំភ្នែក រួចបុរសជាប្ដីបានប្រើពាក្យសុំប្រពន្ធលែងលះគ្នាថែមទៀតផង ទើប​បណ្ដាល​ឲ្យស្ត្រីរងគ្រោះ តូចចិត្តនិងប្ដីរបស់ខ្លួនធ្វើបាបជេរប្រមាថ និងវាយបណ្ដាលឲ្យរងរបួសនោះ ក៏បានសម្រេចមករកដាក់ពាក្យបណ្ដឹងសុំឲ្យ សមត្ថកិច្ចប៉ុស្ដិ៍​ទួលសង្កែ​ជួយអន្តរាគមន៍​ដល់រូបគាត់​ផង។ ប៉ុន្តែបន្ទាប់ពីស្ត្រីរងគ្រោះ បានអង្គុយសញ្ចឹបសញ្ជឹង​ម្នាក់ឯងគិតវែងឆ្ងាយ​មានការអាណិតអាសូរ ដល់កូនស្រី​ដើម្បីកុំ​ឲ្យកំព្រាឪពុក ស្ត្រីរងគ្រោះ​បានសម្រេច​ចិត្តឈប់​ប្ដឹងប្ដីរបស់ខ្លួន និងវិលត្រឡប់​ទៅផ្ទះវិញតែម្ដងទៅ។

ស្ត្រីរងគ្រោះមានឈ្មោះ សុំ ឡាយ អាយុ៤៧ឆ្នាំ មានមុខរបរជាអ្នក​អនាម័យនៅ​ក្រុមហ៊ុនថ្នាំ​កសិកម្ម ដោយ​ទទួលបាន​ប្រាក់ខែត្រឹម​តែ១០០$(មួយរយដុល្លារ)​ប៉ុណោះក្នុង១ខែ ដើម្បីយកមក​ចិញ្ចឹមប្ដី និងកូនស្រី២​នាក់រួម និងម្ដាយចាស់ជរាអាយុ​៨៦ឆ្នាំ ហើយថែមទាំងមានជំងឺ​លើសឈាម។ រាល់ថ្ងៃរូបគាត់ស្នាក់​នៅជាមួយប្ដីឈ្មោះ ព្រៀម សុវណ្ណា អាយុ៤៣ឆ្នាំ មានមុខរបរជាគ្រូបង្ហាត់សិល្បៈ នៅវប្បធម៌​​រុស្ស៊ី និងមានកូនស្រីម្នាក់​ឈ្មោះ ព្រៀម វិសាខា អាយុទើប​តែ៨ឆ្នាំ និងជាសិស្សរៀន​ថ្នាក់ទី២ រួមនិងកូនស្រី​ម្នាក់ទៀត អាយុ១៣ឆ្នាំ ដែលជាកូន​របស់ស្វាម៉ីមុន។ បច្ចុប្បន្នស្នាក់នៅ បន្ទប់ជួល​ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ និងមានស្រុកកំណើត នៅឯកម្ពុជាក្រោម។ ស្ត្រីរងគ្រោះបានប្រាប់អ្នកសារព័ត៌មានទៀតថា រូបគាត់ជាស្ត្រីមេម៉ាយ បានលែងលះជាមួយស្វាម៉ីដើម រយៈ​ពេល៧ឆ្នាំ​មកហើយ និងមានកូនប្រុស​ស្រី​ចំនួន៣នាក់​ឯណោះ ក្នុងនោះមាន២នាក់​បានរៀបអាពាហ៍ពិពាហ៍​រួចរាល់ និងបានបែកគ្រួសារ​រស់នៅរៀងៗ​ខ្លួន ចំណែកកូនស្រីម្នាក់ទៀត​អាយុទើប​តែ១៣ឆ្នាំ និងត្រូវជាកូន​របស់ស្វាម៉ី​មុនរបស់គាត់។ ក្រោយពីលែងលះស្វាម៉ី​ដើមរយៈ​ពេល៧ឆ្នាំ ស្ត្រីរងគ្រោះ​បានបញ្ជាក់ថា លុះមកដល់ឆ្នាំ​២​០០៨ គាត់បានស្គាល់ចាប់​ដៃគ្នាជាប្ដីប្រពន្ធ​ជាមួយស្វាម៉ី បច្ចុប្បន្ន​ឈ្មោះ ព្រៀម សុវណ្ណា ដោយបានរួមរស់នៅ​ជាមួយគ្នាមកទល់​បច្ចប្បន្ននេះ រហូតបានកូន​ស្រីម្នាក់ឈ្មោះ ព្រៀម វិសាខា អាយុទើប​តែ៨ឆ្នាំ ប៉ុណ្ណោះ។ ស្ត្រីរងគ្រោះបានបញ្ជាក់ទៀតថា បើរាប់គិតពីថ្ងៃ​ទី២៧ ខែមករា ឆ្នាំ២០០៨ មកគឺជាថ្ងៃដែលរូបគាត់​បានចាប់ដៃគ្នាជាមួយ​ស្វាម៉ីថ្មី រហូតមកទល់បច្ចប្បន្ននេះ រូបគាត់ពុំដែលបានសប្បាយចិត្តឡើយ ព្រោះត្រូវបានស្វាម៉ីថ្មីធ្វើ​បាបផ្លូវចិត្តគាត់ដោយ​ក្នុងមួយថ្ងៃៗ​មួយខែ​ទល់មួយខែ​ប្ដីរបស់គាត់ក្រោយ​ចេញពីធ្វើការគិត​តែពីផឹកស្រា​រករឿងអ្នកនៅក្នុងផ្ទះ​ផ្អើលទាំងអ្នករស់​នៅជិតខាង ថែមទៀតផង។ដោយឡែក ពេលរូបគាត់ជាប្រពន្ធបានហារ​ស្ដីឲ្យស្វាម៉ី ដែល​កំ​ពុងស្រវឹងស្រានោះ ក៏ត្រូវប្ដីរបស់គាត់ជេរប្រមាថ​មើលងាយសព្វគ្រប់​បែបយ៉ាង និងវាយគាត់បណ្ដាលឲ្យរងរបួស​ជាច្រើនលើក​ច្រើនសារ​ណាស់មកហើយ បន្ទាប់ពីវាយគាត់រួចបុរសជាប្ដី បានរត់​ចេញ​ពីផ្ទះ និងបានក្លាយទៅជាទំនៀម​ទម្លាប់​រ​បស់ស្វាម៉ីរបស់គាត់​ទៅហើយ។

ជាចុងក្រោយស្ត្រីរងគ្រោះសូមអំពាវ​នាវដល់ថ្នាក់ដឹក​នាំគ្រប់ស្ថាប័ន អង្គភាពពាក់ព័ន្ធ មេត្តាជួយដល់រូបគាត់​ផង​ពីព្រោះរូប​គាត់បច្ចប្បន្ន ត្រូវខិតខំប្រឹងប្រែងធ្វើការងារជាអ្នកអនាម័យ​ទទួលបានប្រាក់ខែត្រឹមតែ១០០$​(មួយរយដុល្លារ)ប៉ុណ្ណោះក្នុង១ខែ ដោយចិញ្ចឹមបីបាច់ថែរក្សាម្ដាយចាស់​ជរាមានជំងឺ និងចិញ្ចឹមកូនស្រីចំនួន២នាក់ ដែលកំពុងសិក្សា​ដែលមិនអាច​ទីពឹងស្វាម៉ីបាន៕

Posted by Fresh News Photo on Thursday, April 7, 2016