(ព្រះសីហនុ)៖ នៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦ មានរៀបចំពិធីប្រកាសតែងតាំង ផ្លាស់ប្តូរមុខងារមន្ត្រីអាវុធហត្ថ ខេត្តព្រះសីហនុ ចំនួន៧៣រូប ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក សំ សំអាត អភិបាលរងខេត្តព្រះសីហនុ ព្រមទាំងបណ្តាថ្នាក់ដឹកនាំមន្ទីរអង្គភាព ជុំវិញសាលាខេត្តព្រះសីហនុជាច្រើនរូបទៀតផងដែរ។

លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានថ្លែងថា មន្ត្រីកងរាជអាវុធហត្ថចំនួន៧៣រូប ដែលត្រូវបានប្រកាសតែងតាំង ផ្លាស់ប្តូរមុខងារនាពេលនេះ គឺភាគច្រើនមានអតីតភាពការងារជាច្រើនឆ្នាំមកហើយ ហើយក៏ជាកម្លាំងដ៏សកម្ម ដែលបំពេញភារកិច្ចផ្ទាល់ក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ ទាំងមូលផងដែរ។

លោកឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ និងលោក សំ សំអាត បានកោតសសើរដល់នាយ នាយរង និងពលអាវុធហត្ថទាំងអស់ ក្នុងអង្គភាពកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដែលបានខិតខំបំពេញភារកិច្ចកន្លងមក និងបានចាត់ទុកថា ការតែងតាំងផ្លាស់ប្តូរមុខងារ នៅពេលនេះ គឺជាដំណើរឆ្ពោះទៅពង្រឹងសមត្ថភាព កងរាជអាវុធហត្ថខេត្តព្រះសីហនុ ឲ្យបានខ្លាំងក្លាបន្តទៀត៕