(ភ្នំពេញ)៖ ដើម្បីអបអរសាទរ ខួប៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (២៣ តុលា ១៩៩១- ២៣ តុលា ២០២១) និងខួប៣០ឆ្នាំនៃការយាងនិវត្តន៍របស់ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ មកកាន់មាតុភូមិវិញ (១៤ វិច្ឆិកា ១៩៩១ - ១៤ វិច្ឆិកា ២០២១) រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជា ចេញផ្សាយធនប័ត្រអនុស្សាវរីយ៍ប្រភេទ ៣០០០០រៀល គំរូថ្មី ដើម្បីដាក់ឱ្យធ្វើចរាចរ និងប្រើប្រាស់ទូទាំងព្រះរាជាណាចក្រកម្ពុជា។

អ្វីដែលជាចំណុចពិសេសទៀតនោះ គឺរូបភាពនៃការយាងនិវត្តន៍របស់ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ មកកាន់មាតុភូមិវិញកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៩១ (៣០ឆ្នាំមុន) ត្រូវបានធនាគារជាតិនៃកម្ពុជា សម្រេចដាក់បញ្ចូលនៅក្នុងក្រដាសប្រាក់ប្រភេទថ្មី «៣០០០០រៀល» នេះ។

ការដាក់ឱ្យបញ្ចូលរូបភាព និងឲ្យចរាចរនូវក្រដាសប្រាក់ប្រភេទ ៣០,០០០រៀលថ្មី មិនត្រឹមតែបានឆ្លុះបញ្ចាំងពីមនោសញ្ចេតនាដ៏ជ្រៀលជ្រៅរបស់កូនចៅ ចៅទួតចំពោះសម្តេចតា សម្តេចតាទួត ប៉ុណ្ណោះទេ ប៉ុន្តែក៏បានឆ្លុះបញ្ចាំងពីដំណើរវិវឌ្ឍប្រកបដោយភាពវិជ្ជមានរបស់សង្គមកម្ពុជាក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ៕