(កំពង់ឆ្នាំង)៖ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ បានផ្ដល់អំណោយជូនប្រជាពលរដ្ឋក្រីក្រ៣គ្រួសារ រងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ នៅក្នុងខេត្តកំពង់ឆ្នាំងតាមរយៈក្រុមអ្នកសារព័ត៌មាន។

ប្រជាពលរដ្ឋដែលទទួលបានអំណោយខាងលើនេះ រួមមាន៖

*គ្រួសារទី១៖ គឺលោក ឯក នីន អាយុ៦០ឆ្នាំ មានសមាជិកចំនួន៩នាក់ ឆ្លងជំងឺកូវីដ១៩ ចំនួន៧នាក់ និងកូនប្រុសម្នាក់ឈ្មោះ ធី សៀងហៃ អាយុ២៥ឆ្នាំ បានស្លាប់ដោយសារជំងឺកូវីដ១៩ នៅក្នុងភូមិកំពង់អុស សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។ គ្រួសារនេះទទួលបានថវិកា ៥០ម៉ឺនរៀល, អង្ករ ២០០គីឡូ, ទឹកសុទ្ធ ៣កេស, មី ៣កេស និងត្រីខ៣យួរ និងម៉ាស៣ប្រអប់។

*គ្រួសារទី២៖ គឺស្ត្រីឈ្មោះ គឹម ហូយ អាយុ៦៤ឆ្នាំ ជាទុរគតជន រស់នៅតែម្នាក់ឯងចាំដីឱ្យគេនៅក្នុងភូមិទី៤ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ទទួលបានអង្ករ៥០គីឡូ, ទឹកត្រី១ យួរ, ទឹកស៊ីអ៊ីវ១យួរ, មី១កេស។

*គ្រួសារទី៣៖ គឺស្ត្រីឈ្មោះ ពិន ស៊ីណា អាយុ៤៥ឆ្នាំ ជាស្ត្រីមេម៉ាយមានកូនក្នុងបន្ទុកចំនួន៥នាក់ (ប្ដីជាអតីតយុទ្ធជនស្លាប់) ស្នាក់នៅជាមួយបងប្អូន ក្នុងភូមិប៉ាតឡាង ឃុំក្រាំងលាវ ស្រុករលាប្អៀរ។ គ្រួសារនេះទទួលបានអង្ករ៥០គីឡូ ,មី១កេ ស, ទឹកត្រី១ យួរ, ទឹកស៊ីអ៊ីវ១យួរ, ម៉ាស់២ប្រអប់ និងទឹកសុទ្ធ១កេស។

ក្នុងពេលទទួលបានអំណោយរបស់លោកអភិបាលខេត្តខាងលើនេះ ពលរដ្ឋទាំង៣គ្រួសារ បានថ្លែងអំណរគុណ និងដឹងគុណដល់លោកអភិបាលខេត្តកំពង់ឆ្នាំង ដោយជូនពរដល់លោក អភិបាលនិងមន្ត្រីរាជការទាំងអស់ សូមទទួលបានសេចក្តីសុខនិងសេចក្តីចម្រើន និងទទួលបានជោគជ័យគ្រប់ភារកិច្ច៕