(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា យោងតាមរបាយការណ៍ពីក្រុមប្រឹក្សាឃុំ-សង្កាត់ គិតត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ ចំនួនភ្នាក់ងារគណបក្សនយោបាយ ស្នើសុំសម្រាប់សង្កេតមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ សរុបមានចំនួន៤,៦០៥នាក់ ក្នុងនោះជាស្ត្រីមានចំនួន ១,១៩៣នាក់។

បើតាមសេចក្តីប្រកាសព័ត៌មានលទ្ធផលបណ្ដោះអាសន្នចំនួនភ្នាក់ងារគណបក្សនយោបាយ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ បានឱ្យដឹងថា គិតមកដល់ថ្ងៃទី១៩ ខែតុលាម្សិលមិញ មានគណបក្សនយោបាយចំនួន៦ ហើយបានដាក់ភ្នាក់ងារគណបក្សនយោបាយនិងត្រូវបាន គ.ជ.ប អនុញ្ញាត រួមមាន៖

ទី១៖ គណបក្សប្រជាជនកម្ពុជា បានដាក់ភ្នាក់ងារចំនួន ២៥រាជធានី-ខេត្ត
ទី២៖ គណបក្សខ្មែររួបរួមជាតិ បានដាក់ភ្នាក់ងារចំនួន ១៨រាជធានី-ខេត្ត
ទី៣៖ គណបក្សខ្មែរស្រឡាញ់ជាតិ បានដាក់ភ្នាក់ងារចំនួន ៥រាជធានី-ខេត្ត
ទី៤៖ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានដាក់ភ្នាក់ងារចំនួន ២រាជធានី-ខេត្ត
ទី៥៖ គណបក្សខ្មែរតែមួយ បានដាក់ភ្នាក់ងាចំនួន ១ខេត្ត
និងទី៦៖ គណបក្សយុវជនកម្ពុជា បានដាក់ភ្នាក់ងារចំនួន១ខេត្ត។

សូមបញ្ជាក់ថា ការចុះភ្នាក់គណបក្សនយោបាយ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ ដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២៕