(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចជ្រើសរើសយកយកវិទ្យាស្ថាននគរូបនីយកម្ម និងឌីសាញស៊ិនជិន (UPDIS) សម្រាប់រៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែតុលានេះ។

ពិធីចុះហត្ថលេខា «លើកិច្ចសន្យាផ្តល់សេវាកម្មរៀបចំផែនការមេ ដើមី្បអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» ធ្វើឡើងនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ក្រោមអធិបតីភាពអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិញ្ញវត្ថុ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល, ដៃគូអភិវឌ្ឍន៍, ស្ថានទូតនៃបណ្តាប្រទេសជាមិត្ត, អង្គការអន្តរជាតិ និងសមាគមពាណិជ្ជកម្មមួយចំនួនទៀត ។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូហ្សូម (Zoom) ។

ការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង គឺជាផ្នែកមួយនៃការគិតគូរជាយុទ្ធសាស្ត្រ ក្នុងរយៈពេលមធ្យម និង វែង របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញកិច្ចអភិវឌ្ឍប្រកបដោយចីរភាព និង បរិយាប័ន្ន ស្របតាមគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា ២០១៥-២០២៥, ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាក្នុងការប្រែក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ ក្នុងឆ្នាំ ២០៣០ និងជាប្រទេសចំណូលខ្ពស់ ក្នុងឆ្នាំ ២០៥០ ។

បណ្តាប៉ូលសេដ្ឋកិច្ចសំខាន់ៗរបស់កម្ពុជា, ខេត្តព្រះសីហនុ ជាតំបន់ដែលមានឧត្តមភាពខ្ពស់សម្រាប់ការអភិវឌ្ឍ ដោយសារខេត្តនេះមានភូមិសាស្ត្រនៅជាប់សមុទ្រ, មានកំពង់ផែទឹកជ្រៅ, អាកាសយានដ្ឋាន និងតំបន់ឆ្នេរទេសចរណ៍ជាច្រើន។

ជាក់ស្ដែង, ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ, ខេត្តព្រះសីហនុបានផ្លាស់ប្តូរមុខមាត់យ៉ាងខ្លាំង ពោលគឺបានប្រែក្លាយពីខេត្តដែលស្ងៀមស្ងាត់ ទៅជាខេត្តដែលមានសកម្មភាពសេដ្ឋកិច្ចមមាញឹក និងរស់រវើកក្នុងវិស័យទេសចរណ៍ និងវិស័យឧស្សាហកម្ម ជាពិសេស ទៅជាតំបន់តភ្ជាប់ផលិតកម្ម និង ពាណិជ្ជកម្មក្នុងស្រុកយ៉ាងសំខាន់ ទៅនឹងបណ្ដាប្រទេសនានាក្នុងតំបន់ ។

ឈរលើមូលដ្ឋាននេះ, ការរៀបចំផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង គឺមានគោលបំណង, ម្យ៉ាង, ដើម្បីទាញយកសក្ដានុពលអភិវឌ្ឍយ៉ាងច្រើន ដែលខេត្តព្រះសីហនុមាន ស្របទៅនឹងការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចក្នុងស្រុក, និងម្យ៉ាងទៀត, ដើម្បីចាប់យកកាលានុវត្តថ្មីៗ និងទាក់ទាញបន្ថែមនូវការវិនិយោគ និងធុរកិច្ច ដែលកើតចេញពីការផ្លាស់ប្ដូរខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ ចូលមកកាន់កម្ពុជា ក្រោយវិបត្តិកូវីដ-១៩ សំដៅពន្លឿនការអភិវឌ្ឍវិស័យឧស្សាហកម្ម, វិស័យកសិកម្ម និងវិស័យសេវាកម្ម ប្រកបដោយចីរភាព និងភាពធន់។

ដោយពិនិត្យឃើញពីសក្ដានុពលទាំងនេះ, រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ចក្ខុវិស័យ ប្រែក្លាយខេត្តនេះឱ្យទៅជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង និង ជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយក្នុងការទាក់ទាញ និងស្រូបយកការវិនិយោគពីបរទេស ដែលអាចឈានឆ្ពោះទៅជា «ក្បាលម៉ាស៊ីន» មួយថ្មី សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ ឱ្យរីកលូតលាស់ទៅមុខឥតឈប់ឈរ ។

ដើម្បីសម្រេចឱ្យបាននូវចក្ខុ-វិស័យនេះ, ផែនការមេនេះកំណត់គោលដៅអភិវឌ្ឍប្រែក្លាយខេត្តព្រះសីហនុ៖ (១) ទីក្រុងដ៏ល្បី និងសំខាន់មួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍, (២) តំបន់ដែលប្រើប្រាស់បច្ចេកវិទ្យាវ័យឆ្លាត (Smart Technology) និងបំពាក់ដោយសេវាសាធារណៈ/បរិក្ខា សម្រាប់រស់នៅលំដាប់ពិភពលោក (World Class Facility), (៣) តំបន់ប្រកបដោយបរិស្ថានបៃតង និងតំបន់ឧស្សាហកម្ម ដែលមានតម្លៃបន្ថែមខ្ពស់ ចូលរួមបម្រើឱ្យខ្សែច្រវាក់ផលិតកម្មក្នុងតំបន់ និងសកលលោក និង ជាពិសេស (៤) ប៉ូលសេដ្ឋកិច្ចដ៏សំខាន់ ក្នុងការផ្តល់ការងារជូនដល់ប្រជាពលរដ្ឋ និងជាប្រភពចំណូលជាតិ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាទាំងមូល ។

ផែនការមេនេះក៏នឹងជាផែនទីចង្អុលផ្លូវ សម្រាប់សម្របសម្រួលការអនុវត្តរាល់សកម្មភាពរវាងភាគី-ពាក់ព័ន្ធ រួមទាំង រដ្ឋ, ឯកជន និង ដៃគូអភិវឌ្ឍន៍នានា ដោយឈរលើគោលដៅរួម និង ការទទួលខុសត្រូវច្បាស់លាស់ តាមរយៈការកំណត់ទិសដៅសម្រាប់ការកៀរគរ, ទាក់ទាញ និងប្រមូលផ្តុំប្រភពធនធាន, សកម្មភាពធុរកិច្ច និងការវិនិយោគ ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យរយៈពេលវែងរបស់រាជរដ្ឋាភិបាល ។

ការជ្រើសយកវិទ្យាស្ថាន UPDIS សម្រាប់ការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង គឺដោយសារវិទ្យាស្ថាននេះ មានបទពិសោធន៍ជាង៣០ឆ្នាំ និងបានរៀបចំប្រមាណ ៥ ៨០០ គម្រោងនៅលើពិភពលោក ជាពិសេស ជាស្ថាប័នដឹកមុខក្នុងការរៀបចំផែន ការអភិវឌ្ឍទីក្រុងស៊ិនជិន។

វិទ្យាស្ថាន UPDIS នឹងប្រើប្រាស់នូវបទពិសោធន៍ទាំងនេះ ក្នុងការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ឱ្យមានគុណភាពខ្ពស់ ដោយឆ្លុះបញ្ចាំងពីចក្ខុវិស័យ និង ទិសដៅអភិវឌ្ឍរបស់កម្ពុជា ព្រមទាំងអាចអនុវត្តបាន ស្របទៅតាមបរិការណ៍នយោបាយ, សេដ្ឋកិច្ច និង សង្គមកម្ពុជា ។

ជារួម, ផែនការមេនេះ ក៏នឹងក្លាយជាផែនទីចង្អុលផ្លូវសម្រាប់ការវិនិយោគដ៏សម្បូរបែប នៅក្នុងខេត្តព្រះ-សីហនុ ដោយមានភ្ជាប់ផែនការសកម្មជាក់លាក់សម្រាប់ការអនុវត្ត ដែលឆ្លុះបញ្ចាំងច្បាស់ពីកាលានុវត្តភាព សម្រាប់ការវិនិយោគពហុវិស័យ ក្នុងបរិបទឧស្សាហកម្ម ៤.០ រួមបញ្ចូលទាំងការវិនិយោគលើផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តមានគុណភាពខ្ពស់, វិស័យឧស្សាហកម្ម, វិស័យកសិកម្ម, វិស័យសេវាកម្មទេសចរណ៍ និងការរស់នៅប្រកបដោយសុខុមាលភាព ស្របទៅតាមទិសដៅការអភិវឌ្ឍបៃតង និងប្រកបដោយចីរភាព។ ទន្ទឹមនេះ រាជរដ្ឋាភិបាលនឹងដាក់ចេញ នូវគោលនយោបាយគាំទ្រនានាតាមការចាំបាច់ ក្នុងការជំរុញការអនុវត្តបន្ទាប់ពីផែនការមេនេះត្រូវបានអនុម័ត ។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី បានស្នើរគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ, ដៃគូអភិវឌ្ឍន៍, ដៃគូហិរញ្ញប្បទាន, វិស័យឯកជន និងសមាគមពាណិជ្ជកម្ម បន្តចូលរួមផ្តល់ការគាំទ្រដល់ការរៀបចំ និងការអនុវត្តផែនការមេ ឱ្យបានសម្រេចដូចការរំពឹងទុក៕