(កំពត)៖ ក្រោយឡើងកាន់ដំណែងជាអភិបាលខេត្តកំពតថ្មីភ្លាមៗ លោក ម៉ៅ ធនិន នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ម្សិលមិញ បានបើកវេទិកាសាធារណៈជួបជាមួយប្រជាពលរដ្ឋ ដើម្បីដោះស្រាយនូវបញ្ហាប្រឈម និងតម្រូវការចាំបាច់មួយចំនួន។

ភ្នាក់ងារ Fresh News បានឱ្យដឹងថា៖ «ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ បានជួបជាមួយបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ដើម្បីស្វែងយល់ និងចូលរួមដោះស្រាយបញ្ហាប្រឈមមួយចំនួន ដែលជាតម្រូវការចាំបាច់ តាមការស្នើសុំរបស់ប្រជាពលរដ្ឋ នៅវេទិកាក្នុងសាលាខេត្តកំពត»

សូមម្រាបថានេះ ជាលើកទី១ហើយ ដែលលោក ម៉ៅ ធនិន បានធ្វើវេទិកាដោះស្រាយបញ្ហាជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត បន្ទាប់ពីលោកត្រូវបានប្រកាសតែងតាំងជាអភិបាលកំពតថ្មី ជំនួសលោក ជាវ តាយ ខណៈដែលលោក ជាវ តាយ ត្រូវផ្ទេរភារកិច្ចជំនួសលោក ម៉ៅ ធនិន ធ្វើជាអភិបាលពោធិ៍សាត់ថ្មី៕

.