(ភ្នំពេញ)៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានបន្តប្តេជ្ញាចិត្តគាំទ្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹការជួញដូរមនុស្ស ឲ្យមានកម្រិតកាន់តែល្អប្រសើរជាងមុន។ នេះបើយោងតាមការឲ្យដឹង ពីលោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស។

ជំហររបស់សហរដ្ឋអាមេរិក បានបង្ហាញឡើងនៅក្នុងកិច្ចប្រជុំជាមួយភាគីកម្ពុជាអំពី «វឌ្ឍនភាពនៃការងារ ប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ការប្រឈម និងដំណោះស្រាយ» នៅល្ងាចថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ នៅទីស្តីការក្រសួងយុត្តិធម៌ ក្រោមអធិបតីភាព លោកស្រី អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី។

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា លោក Patrick Murphy បានលើកឡើងថា រដ្ឋាភិបាលរបស់លោកប្តេជ្ញាចិត្តក្នុងការបន្តជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការជួញ ដូរមនុស្សឲ្យនៅសល់កម្រិតទាបបំផុត ខណៈភាគីកម្ពុជាវិញ អះអាងថា ខ្លួនកំពុងធ្វើសេចក្តីព្រាងទាក់ទងនឹងការជួញដូរមនុស្សនេះក្នុងវិស័យអប់រំផងដែរ។

លោកស្រី ជូ ប៊ុនអេង បានបញ្ជាក់យ៉ាងដូច្នេះ៖ «ជាទូទៅ សហរដ្ឋអាមេរិក គាត់មានការប្តេជ្ញាចិត្តថា ជួយប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សគ្រប់ប្រទេស។ ដោយឡែកកម្ពុជា គាត់ប្តេជ្ញាចិត្តថា នឹងបន្តគាំទ្រ ដើម្បីធ្វើយ៉ាងណាឲ្យសកម្មភាពជួញដូរមនុស្ស ត្រូវបានកាត់បន្ថយ»

បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ, ភាគីពាក់ព័ន្ធក៏កំពុងសម្លឹងមើលលទ្ធភាព ដើម្បីធ្វើឲ្យការវាយតម្លៃ លើការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សនៅប្រទេសនេះ ឲ្យឡើងពីប្រទេសលេខ២ នៃការឃ្លាំមើល មកជាលេខល្អវិញផងដែរ៕