(​វ៉ាស៊ីនតោន​)៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក បា​រ៉ាក់ អូ​បា​ម៉ា បាន​ទូរស័ព្ទ​ដោយ​ផ្ទាល់​ទៅ​កាន់​លោក U Htin Kyaw ប្រធានាធិបតី​ថ្មី​របស់​មី​យ៉ាន់​ម៉ា និង​លោកស្រី អោង​សាន ស៊ូ​ជី រដ្ឋមន្ត្រីការបរទេស និង​ជា​ទីប្រឹក្សា​ពិសេស ដើម្បី​អបអរសាទរ​ការឡើង​កាន់តំណែង​នៃ​រដ្ឋាភិបាល​ថ្មី​ជា​ផ្លូវការ​។ នេះ​បើ​តាម​ការចេញផ្សាយ​មុន​នេះ​បន្តិច ដោយ​សារព័ត៌មាន​សិង្ហ​បុរី នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​០៧ ខែ​មេសា ឆ្នាំ​២០១៦​។​

​លោក អូ​បា​ម៉ា នៅក្នុង​ឱកាស​នោះ​បាន​សម្តែង​ក្តីសប្បាយរីករា​យ​ខ្លាំង​ចំពោះ​ជោគជ័យ​ថ្មី​នេះ ដែល​វា​នឹង​អាចដឹកនាំ​មី​យ៉ាន់​ម៉ា ទៅរក​ការគ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ស៊ីវិល​យ៉ាង​ពេញលេញ មួយ​នៅ​ថ្ងៃ​អនាគត​។ ទោះបីជា​យ៉ាងនេះក្តី លោក អូ​បា​ម៉ា ក៏​នៅតែ​មាន​ការខកចិត្ត​តិចតួច​ផងដែរ ចំពោះ​យោធា ដែល​បាន​រឹតត្បិត​តួនាទី​របស់​លោក​ស្រី ស៊ូ​ជី នៅក្នុង​ជួរ​រដ្ឋាភិបាល ដែល​នេះ​គឺ​ចង់​សំដៅ​ទៅ​លើ​ការ​មិន​បាន​ឡើងកាន់តំណែង​ជា​ប្រធានាធិបតី​នោះឯង​។​

​យ៉ាងណាក៏ដោយ លោកស្រី អោង​សាន ស៊ូ​ជី ធ្លាប់បាន​អះអាង​ថា ខ្លួន​នឹង​ដើរ​តួនាទី​ឲ្យ​ធំ​ជាង​ប្រធានាធិបតី​ទៅទៀត ដើម្បី​បម្រើ​ផលប្រយោជន៍​ជាតិ​មី​យ៉ាន់​ម៉ា​ទាំងមូល​៕​