(ភ្នំពេញ)៖ លោក មួន សារ៉ន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានផ្ញើលិខិតថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចំពោះសាររំលែកទុក្ខ នៃមរណភាពឧបាសិកា ម៉ឺន ថុន ដែលត្រូវជាម្តាយ ម្តាយក្មេក ជីដូន ជីដូនទួត របស់ក្រុមគ្រួសារលោក។

នៅក្នុងសារលិខិតថ្លែងអំណរគុណ លោក មួន សារ៉ន បានថ្លែងថា «ខ្ញុំបាទ និងភរិយា ព្រមទាំងក្រុមគ្រួសារ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះសាររំលែកទុក្ខ ចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ របស់ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រីដែលបានសម្តែងនូវមនោសញ្ចេតនា សមានទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសាររបស់ខ្ញុំបាទ ចំពោះមរណភាព ឧបាសិកា ម៉ឺន ថុន ដែលត្រូវជាម្តាយ ម្តាយក្មេក ជីដូន ជីដូនទួត របស់ក្រុមគ្រួសារយើងខ្ញុំ នាថ្ងៃអាទិត្យ ១១កើតខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ នៅវេលាម៉ោង ១:២៦ រំលងអធ្រាត្រក្នុងជន្មាយុ ៩៥ឆ្នាំ ដោយជរាពាធ»

ខ្ញុំបាទសូមគោរពសម្តែងនូវកតញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំក្នុងពិធីបុណ្យ សពឧបាសិកា ម៉ឺន ថុន ស្របតាមប្រពៃណី
ព្រះពុទ្ធសាសនា និងវិធានការសុខាភិបាល។ សារលិខិតរំលែកទុក្ខដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ គឺជាសក្ខីភាពបញ្ជាក់នូវទឹកចិត្តស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅបំផុតចំពោះខ្ញុំបាទ និងភរិយា ព្រមទាំងក្រុមគ្រួសារ ដែលធ្វើឲ្យយើងខ្ញុំទាំងអស់គ្នាមិនអាចបំភ្លេចបាននូវសមានចិត្តដ៏ប្រពៃខ្ពង់ខ្ពស់ថ្លៃថ្លា របស់សម្តេចតេជោបានឡើយ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខ ចំពោះមរណភាពរបស់ឧបាសិកា ម៉ឺន ថុន ម្តាយបង្កើតរបស់លោក មួន សារ៉ន។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមសម្តែងនូវការសោកស្តាយដោយក្តី ស្រណោះអាឡោះអាល័យ ចំពោះមរណភាពរបស់ឧបាសិកា ម៉ឺន ថុន គឺជាការបាត់បង់នូវអ្នកម្តាយ ជីដូន ជីទួត ប្រកបដោយសង្គហធម៌ដ៏ល្អ និងព្រហ្មវិហារធម៌ ដែលមិនចេះរីងស្ងួត ចំពោះកូន និងចៅជាទីស្រលាញ់»