(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១នេះ បានលើកឡើងដោយពញ្ញាក់ស្មារតីដល់បុគ្គលគ្រប់រូប ម្ចាស់អាជីវកម្ម និងអាជ្ញាធរផងដែរ ឲ្យមានការយកចិត្តទុកដាក់ខ្ពស់ លើការគ្រប់គ្រងហានិភ័យ នៃជំងឺកូវីដ១៩ នៅពេលមានការបើកអាជីវកម្ម និងសង្គមឡើងវិញ។

ជាមួយគ្នានេះលោកស្រីបានជំរុញឲ្យបន្តអនុវត្តវិធានការការពារជាចាំបាច់ ដើម្បីធានាបាននូវការបើកដំណើរការ ដែលប្រកបដោយសុវត្ថិភាព ឆ្ពោះទៅរកការរស់នៅក្នុងគន្លងប្រក្រតីភាពថ្មី។

លោកស្រី ឱ វណ្ណឌីន បានលើកឡើងយ៉ាងដូច្នេះថា «ការបើកអាជីវកម្ម និងសង្គមឡើងវិញ តម្រូវឲ្យមានការគ្រប់គ្រង ប្រកបដោយការប្រុងប្រយ័ត្នខ្ពស់ និងការរៀបចំឲ្យបានល្អ។ បុគ្គល ម្ចាស់អាជីវកម្ម និងអាជ្ញាធរមូលដ្ឋានត្រូវបានលើកទឹកចិត្ត ក្នុងការចាប់ផ្តើមរៀបចំឱ្យបានត្រឹមត្រូវ ជាមួយនឹងការថ្លឹងថ្លែងតុល្យភាពនៃហានិភ័យ និងត្រូវបន្តអនុវត្តវិធានការការពារជាចាំបាច់ ដើម្បីធានាបាននូវការបើកដំណើរការ ដែលប្រកបដោយសុវត្ថិភាព ឆ្ពោះទៅរកការរស់នៅ ក្នុងគន្លងប្រក្រតីភាពថ្មី»។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមជាបណ្តើរៗនូវការបើកដំណើរការសង្គម សេដ្ឋកិច្ចរបស់កម្ពុជា ទៅតាមវិស័យអាទិភាព។ ជាមួយគ្នានេះរាជរដ្ឋាភិបាល ក៏បានបន្ធូរបន្ថយរយៈពេលការធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរចូលកម្ពុជាផងដែរ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងដូសមូលដ្ឋាន បានពេញលេញ។

ការបន្ធូរបន្ថយរយៈពេលការធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរចាក់វ៉ាក់សាំងពេញលេញ ត្រូវកំណត់ឲ្យអនុវត្តដូចខាងក្រោម៖

* ត្រូវអនុវត្តរបបពិសេស ទៅតាមការសម្រេចរបស់រាជរដ្ឋាភិបាល លើករណីនីមួយៗ ចំពោះភ្ញៀវផ្លូវការរបស់រាជរដ្ឋាភិបាល និងមន្ត្រីថ្នាក់ដឹកនាំជាន់ខ្ពស់របស់រាជរដ្ឋាភិបាល ដែលត្រលប់ពីបំពេញបេសកកម្មនៅក្រៅប្រទេស

* ត្រូវអនុវត្តរបបចត្តាឡីស័កចំនួន ៣ថ្ងៃ ចំពោះវិនិយោគិន បុគ្គលិកជំនាញបច្ចេកទេសទាំងជនជាតិខ្មែរ និងបរទេស មន្ត្រីការទូត មន្ត្រីអនុវត្តគម្រោងសហប្រតិបត្តិការផ្លូវការ និងមន្ត្រីរាជការរបស់រាជរដ្ឋាភិបាល ដែលត្រលប់មកពីបំពេញបេសកកម្មនៅក្រៅប្រទេស (ដោយរួមបញ្ចូលក្រុមគ្រួសាររបស់ក្រុម អាទិភាពនេះផង)

* ត្រូវអនុវត្តរបបចត្តាឡីស័កចំនួន ៧ថ្ងៃ ចំពោះអ្នកដំណើរទូទៅដែលជាជនជាតិខ្មែរ ឬជនបរទេស និងដោយឡែកត្រូវអនុវត្តរបបចត្តាឡីស័កចំនួន ១៤ថ្ងៃ ចំពោះអ្នកដំណើរគ្រប់ប្រភេទ ដែលមិនបានចាក់វ៉ាក់សាំងកូវដ-១៩ ឬមិនទាន់បានចាក់វ៉ាក់សាំងដូសមូលដ្ឋានបានពេញលេញ៕