(សៀមរាប)៖ លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បាននាំយកអំណោយ ដែលបានពីសមាគមជួយកុមារជាចម្បង ទៅជូនដល់ចាស់ជរា ស្ត្រីមេម៉ាយ និងគ្រួសារពលរដ្ឋដែលមានជីវភាពខ្វះខាត ជួបការលំបាកដោយសារវិបត្តិកូវីដ-១៩ ចំនួន៥០គ្រួសារ នៅក្នុងភូមិស្ទឹង និងភូមិត្រាច ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

អំណោយដែលចែកជូនរួមមាន ក្នុងមួយគ្រួសារទទួលបាន អង្ករ៣៥គីឡូក្រាម, មីខ្លាឃ្មុំ ១កេស , ត្រីខ៦កំប៉ុង, ទឹកត្រី ១យួរ , ទឹកស៊ីអ៊ីវ ១យួរ, ស្កសរ ១គីឡូក្រាម, ខ្ទឹមស ១គីឡូក្រាមអំបិល០.៥គីឡូក្រាម, ប៊ីចេង០.៥ គីឡូក្រាម និងបន្លែត្រកួន ១គីឡូក្រាមផងដែរ ។

លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគងបានថ្លែងអំណរគុណ ចំពោះទឹកចិត្តសប្បុរសធម៍ របស់សមាគមជួយកុមារជាចម្បង ដែលបានចូលរួមជួយចែករំលែកជាស្បៀងអាហារ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ក្នុងបរិបទជំងឺកូវីដ-១៩នាពេលនេះ ។

ជាមួយគ្នា លោកអភិបាលស្រុក ក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តរួមគ្នារស់នៅតាមបែបគន្លងថ្មី ដោយធ្វើអនាម័យ និងអនុវត្តន៍វិធានការ ៣កុំ ៣ការពារ តាមការណែនាំរបស់អាជ្ញាធរ និងវិធានការសុខាភិបាល អោយបានខ្ជាប់ខ្ជួន ដើម្បីកាត់ផ្តាច់ កុំអោយមានករណីឆ្លងមេរោគកូវីដ-១៩ មកលើខ្លួនយើង និងសមាជិកក្នុងក្រុមគ្រួសារ៕