(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះ លោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ អនុប្រធានពិភពម៉ាឡាយូពិភពឥស្លាម (Dunia Melayu Dunia Islam) ហៅកាត់ថា DMDI និងជាប្រធាន DMDI ប្រចាំនៅកម្ពុជា បានអញ្ជើញចូលរួមពិធីសម្ពោធសៀវភៅ «Taman Sang Guru» ឬ «ឧទ្យាននៃគ្រូ» តាមរយៈប្រព័ន្ធវីដេអូ Zoom ដែលត្រូវបានរៀបចំឡើងដោយសមាគម Jamiyah Singapore នៅប្រទេសសិង្ហបុរី ក្រោមអធិបតីភាព លោកឧកញ៉ា Datuk Tan Sri Hj Mohd Ali Mohd Rustam ប្រធានរដ្ឋម៉ាឡាកា និងជាប្រធាន DMDI។

សមាគម Jamiyah Singapore បានបោះពុម្ពសៀវភៅមួយក្បាលដែលនិពន្ធដោយលោក H.B. Johar ឬ Johar Buang ជាអ្នកនិពន្ធ និងជាកវីដ៏ល្បីល្បាញនៅសិង្ហបុរី។ នៅក្នុងសៀវភៅ «ឧទ្យាននៃគ្រូ» នេះ រួមមាន កំណាព្យមួយចំណងជើងថា «ឧទ្យានលាក់ខ្លួន» និងប្រជុំរឿងខ្លី 'Sang Guru' ដែលអ្នកនិពន្ធបាននិពន្ធឡើងក្នុងកំឡុងពេលដែលលោកបានតស៊ូព្យាយាមជម្នះនឹងការលំបាកក្នុងជីវិតរបស់គាត់។

លោក Johar Buang បានឈ្នះពានរង្វាន់ជាច្រើន ដែលត្រូវបានគេទទួលស្គាល់គាត់ជាអ្នកនិពន្ធឆ្នើមនៅសិង្ហបុរីនិងតំបន់អាស៊ីអាគ្នេយ៍។ គាត់បានទទួលពានរង្វាន់ SEA Write ពីប្រទេសថៃក្នុងឆ្នាំ ២០១០ និងពានរង្វាន់ Tun Seri Lanang ពីក្រុមប្រឹក្សាភាសាម៉ាឡេនៃប្រទេសសិង្ហបុរី។

សូមបញ្ជាក់ថា DMDI ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០០ នៅប្រទេសម៉ាឡេស៊ី ដើម្បីសាមគ្គីភាព ក្នុងចំណោមប្រជាជនមុស្លិមម៉ាឡេ ដូចជាការលើកកម្ពស់ កិច្ចសហប្រតិបត្តិការ ក្នុងគ្រប់ទិដ្ឋភាពទាំងអស់ នៃការអភិវឌ្ឍក្នុងចំណោមប្រជាជនមុស្លិមម៉ាឡេ ជាមួយប្រជាជនប្រទេសផ្សេងទៀត ក្នុងពិភពលោក។ នៅឆ្នាំ២០១២ DMDI ក៏បានបង្កើតលេខាធិការដ្ឋានរបស់ខ្លួន នៅកម្ពុជា ដែលមានទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ជាអគ្គលេខាធិការ។

សម្រាប់កម្ពុជា តាមរយៈមូលនិធិ DMDI យើងទទួលបានអាហារូបករណ៍សិស្ស និស្សិតបន្តការសិក្សា នៅតាមសកលវិទ្យាល័យ នៅរដ្ឋម៉ាឡាកា និងជួយការងារមនុស្សធម៌ ដូចជាកសាងវិហារ សាលារៀន សិក្ខាសាលា វគ្គបណ្តុះបណ្តាលគ្រូបង្រៀន ឧបត្ថម្ភដល់កុមារកំព្រា កម្មវិធីស្រាយបួស និងជំនួយគ្រោះធម្មជាតិជាដើម។

សមាជិកពិភពម៉ាឡាយូពិភពឥស្លាម (DMDI) មាន២២ប្រទេស ក្នុងនោះរួមមាន កម្ពុជា, ថៃ, សឹង្ហបុរី, ម៉ាឡេស៊ី, ចិន, ឥណ្ឌូនេស៊ី, អារ៉ាប៊ីសាអ៊ូឌីត, ប្រ៊ុយណេ, ហ្វីលីពីន, ទីម័រ, អង់គ្លេស, ម៉ាដាហ្គាស្កា, អូស្ត្រាលី, អាហ្វ្រិកខាងត្បូង, អេហ្ស៊ីប, បូស្នីហ្ស៊េហ្គោវីណា, ហូឡង់, ម៉ាល់ឌីវ, បង់ក្លាដែស, កាណាដា, ស៊ូរីណាម និងស្រីលង្កា៕