(រតនគិរី)៖ លោកវេជ្ជបណ្ឌិត អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី នៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងបបង្ការជំងឺកូវីដ១៩ ដូសទី១ ជូនដល់កុមារមានអាយុ៦ឆ្នាំ ដល់អាយុក្រោម១២ឆ្នាំ ត្រូវបានបញ្ចប់ ខណៈក្រុមការងារកំពុងបន្តចាក់ដូសទី២ គិតមកដល់ថ្ងៃទី១៤ ខែតុលា ម្សិលមិញ បានប្រមាណ ៥៩ភាគរយហើយ។

លោកវេជ្ជបណ្ឌិត អ៊ុង រតនា បានបន្តថា ការចាក់វ៉ាក់ដូសទី១ លើសផែនការ គឺដោយសារតែខេត្តរតនគិរី ជាតំបន់អភិវឌ្ឍន៍វិស័យដំណាំកសិឧស្សាហកម្មមានប្រជាពលរដ្ឋសំណាកស្រុកមកពីបណ្តាខេត្តផ្សេងៗ មករកការងារធ្វើបង្កើនសេដ្ឋកិច្ចគ្រួសារនាំ (ប្តី, ប្រពន្ធ, កូន) ដែលជាកត្តានាំឱ្យការផ្តល់វ៉ាក់សាំងជូនលើសការកំណត់។

លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា៖ «សម្រាប់ចំនួនកុមារដែលមានអាយុចាប់ពី៦ឆ្នាំ ដល់អាយុក្រោម១២ឆ្នាំ មានចំនួន ៣៥,២៨៦នាក់លើស ផែនការគ្រោងចំនួន៣៣,០១៣នាក់។ ដោយឡែកសម្រាប់ដូសទី២ ត្រូវបានបន្តចាក់រយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ បានចំនួន៥៩»

បន្ថែមពីលើនេះទៀត លោកវេជ្ជបណ្ឌិត អ៊ុង រតនា ក៏បានសុំណូមពរទៅអាណាព្យាបាលទាំងអស់បន្ទាប់ពីកូនចៅទទួលបានការចាក់វ៉ាក់សាំងរួចហើយ គឺត្រូវបន្តអនុវត្តវិធានសុខាភិបាល និងវិធានការ «៣ការពារ និង៣កុំ» ឱ្យបានខ្ជាប់ខ្ជួន ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដល់អាយុជីវិត។

លោកវេជ្ជបណ្ឌិតក៏បានអំពាវនាវដល់ពលរដ្ឋទាំងអស់ ដែលពុំទាន់បានទទួលចាក់វ៉ាក់សាំងដោយបញ្ហាសុខភាពកន្លងមក សុំមកទទួលវ៉ាក់សាំងឱ្យគ្រប់គ្នា នៅតាមមណ្ឌលផ្តល់វ៉ាក់សាំងនៅមន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរបង្អែកស្រុកបរកែវ។

ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជាប្រមុខដឹកនាំដ៏ឈ្លាសវៃ នៅក្នុងកាលៈទេសៈដ៏លំបាកនេះ សម្តេចបានស្វះស្វែងរកជំនួយ និងបញ្ជាទិញវ៉ាក់សាំងពីបរទេសមកចាក់ជូនកងកម្លាំងប្រដាប់អាវុធ, មន្ត្រីរាជការស៊ីវិល, ប្រជាពលរដ្ឋ និងព្រះសង្ឃដោយឥតគិតថ្លៃបានឆាប់រហ័ស និងទាន់សភាពការណ៍៕