(កោះកុង)៖ លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះ បានឱ្យដឹងថា កងកម្លាំងរបស់លោកបានត្រៀមលក្ខណៈសម្បត្តិ ឧបករណ៍ និងសម្ភារនានារួចជាស្រេច ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ នៅតាមបណ្តាស្រុកក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដែលងាយរងគ្រោះដោយសារគ្រោះធម្មជាតិ ជាពិសេសគ្រោះទឹកជំនន់នៅពេលមានភ្លៀងធ្លាក់តាមជ្រលងជួរភ្នំ ដងអូរ ស្ទឹងនានាក្នុងខេត្ត នារដូវវស្សា ឆ្នាំ២០២១។

លោកឧត្តមសេនីយ៍ទោ គង់ មនោ បានបន្តថា សម្ភារដែលស្នងការបានត្រៀមលក្ខណៈសម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋងាយរងគ្រោះមានដូចជា៖ អូប័រ, រថយន្តសង្គ្រោះ, រថយន្តដឹកជញ្ជូន, ម៉ូតូ, អាវពោងការពារ, តង់សម្ភារបរិក្ខាពេទ្យមួយចំនួន, គ្រឿងឧបភោគបរិភោគ និងកម្លាំងសមត្ថកិច្ចទាំងអស់រួមទាំងកម្លាំងគ្រប់ស្រុក និងតាមមូលដ្ឋានត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋនៅពេល ពួកគាត់ជួបគ្រោះមហន្តរាយទឹកជំនន់។

ចំពោះកម្លាំងសមត្ថកិច្ចទាំងអស់ បានត្រៀមលក្ខណៈសម្បត្តិ ២៤ម៉ោង លើស២៤ម៉ោង ដោយសារក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានភ្លៀងធ្លាក់ខ្លាំងដែលធ្វើឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងនៅតាមមូលដ្ឋាននានា មានការព្រួយបារម្មណ៍ផងដែរ។

លោកឧត្តមសេនីយ៍ទោ បានបញ្ជាក់ថាថា រយៈពេលប៉ុន្មានថ្ងៃនេះ លោកបានចុះត្រួតពិនិត្យនៅគ្រប់បណ្តាស្រុក តំបន់ងាយរងគ្រោះតាមដងព្រែក លំហរសមុទ្រ ផ្លូវទឹក ផ្លូវគោក និងតំបន់ងាយរងគ្រោះបំផុត ព្រមទាំងបានសំណេះសំណាលជាមួយប្រជាពលរដ្ឋជាប់ជានិច្ច។

ក្នុងឱកាសនោះដែរ លោកស្នងការ ក៏សូមអំពាវរនាវដល់ប្រជាពលរដ្ឋនៅគ្រប់បណ្តាស្រុក ដែលកំពុងរស់នៅតាមតំបន់ងាយរងគ្រោះ បើមានបញ្ហាអ្វីខុសពីប្រក្រតី សូមប្រញាប់ផ្តល់ព័ត៌មានជូនអាជ្ញាធរ ឬកម្លាំងនគរបាលប៉ុស្តិ៍ នៅតាមមូលដ្ឋាននានាជាបន្ទាន់ ដើម្បីងាយស្រួលកងកម្លាំងចុះជួយអន្តរាគមន៍ ឱ្យទាន់ពេលវេលា បន្ថែមពីនេះសូមប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នឱ្យខ្ពស់ជាប់ជានិច្ចជាដើម៕