(ភ្នំពេញ)៖ គណៈបញ្ជាការឯកភាព នៃរដ្ឋបាលខណ្ឌឬស្សីកែវ នឹងចុះអនុវត្តវិធានការរដ្ឋបាលរុះរើសំណង់របងថ្ម ដើម្បីប្រគល់ដីឡូត៌ខុសស្តង់ដា (១ឡូត៌ផ្នែកខាត្បូង) ដែលកំពុងគ្រប់គ្រងដោយលោកស្រី ស៊ុន សំឡូត ឱ្យទៅឈ្មោះ ខូវ ស្រូយ ដែលជាប្រជាពលរដ្ឋទទួលបានសេចក្ដីសម្រេចពីរដ្ឋបាលរាជធានីភ្នំពេញ ក្នុងតំបន់អភិវឌ្ឍន៍ឬស្សីកែវ (តំបន់៦៥គ្រួសារ) ផ្លូវលេខ១៧៣៣ ភូមិទួលពពែ សង្កាត់ទួលសង្កែទី២ នៅវេលាម៉ោង ៧៖០០នាទីព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១។

នេះបើតាមសេចក្ដីជូនដំណឹងរបស់លោក ឯក ឃុនដឿន ប្រធានគណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវ ដែលអ្នកយកព័ត៌មានអង្គភាព Fresh News លោក ហាស់ កំសាន្ដ ទទួលបាននៅរសៀលថ្ងៃនេះ។ រដ្ឋបាលខណ្ឌបានបញ្ជាក់ថា ការចុះអនុវត្តវិធានការរុះរើសំណង់របងថ្ម ដើម្បីប្រគល់ដីឡូត៌ខុសស្តង់ដាទៅឲ្យឈ្មោះ ខូវ ស្រូយ គឺដើម្បីឈានទៅបញ្ចប់ទំនាស់ឱ្យបានឆាប់រហ័សប្រកបដោយប្រសិទ្ធភាព តាមសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយយោងស្មារតីអង្គប្រជុំនាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១។

អាស្រ័យហេតុនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឬស្សីកែវ សូមឱ្យលោកស្រី ស៊ុន សំឡូត ជ្រាប និងចូលរួមសហការជាមួយក្រុមការងារ ដើម្បីអនុវត្តឱ្យទទួលបានជោគជ័យ៕