(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុក «ស្រ្តីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ» និងបានដាក់ចេញនូវគោលនយោបាយ ផែនការសកម្មភាពជាតិ កម្មវិធីជាតិអន្តរវិស័យ សំដៅលើកកម្ពស់សមភាពយេនឌ័រ ពង្រឹងភាពអង់អាចដល់ស្រ្តី។ ទន្ទឹមនឹងនេះ ស្រ្តីកម្ពុជាតែងទទួលបានកាលានុវត្តភាព ចូលរួមក្នុងគ្រប់កិច្ចការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាតិ។

ការថ្លែងរបស់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានធ្វើឡើង ក្នុងគ្រាដែលលោកស្រីអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវេទិកាអាស៊ី-អឺរ៉ុប ស្តីពីស្រ្តីសន្តិភាព និងសន្តិសុខ ដែលជាព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ក្រោមមូលបទ «ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួមគ្នា» តាមរយៈប្រព័ន្ធហ៊្សូម នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ បន្ទាប់ពីបានដំណើរការអស់រយៈពេល២ថ្ងៃកន្លងទៅ នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ ។

លោកស្រី ម៉ែន សំអន បន្តថា វេទិកាស្រ្តីជាប្រវត្តិសាស្រ្តនេះ គឺបានឆ្លើយតបតាមការរំពឹងទុករបស់យើង ព្រោះបើពិនិត្យលើសាវតា នៃកិច្ចប្រជុំកំពូលនៃទ្វីបទាំងពីរ ចាប់តាំងពីឆ្នាំ១៩៩៦មក នៅមិនទាន់មានព្រឹត្តិការណ៍អមផ្លូវការណាមួយ ដែលពាក់ព័ន្ធនឹងបញ្ហារបស់ស្រ្តីនោះទេ។

លោកស្រី ម៉ែន សំអន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុក «ស្រ្តីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ» និងបានដាក់ចេញនូវគោលនយោបាយ ផែនការសកម្មភាពជាតិ កម្មវិធីជាតិអន្តរវិស័យ សំដៅលើកកម្ពស់សមភាពយេនឌ័រ ពង្រឹងភាពអង់អាចដល់ស្រ្តី។ ស្រ្តីកម្ពុជាតែងទទួលបានកាលានុវត្តភាព ចូលរួមក្នុងគ្រប់កិច្ចការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាតិ ទាំងផ្នែកវិស័យសាធារណៈ សន្តិសុខ នយោបាយ ការទូត ឯកជន អង្គការជាតិ-អន្តរជាតិ និងត្រូវបានលើកទឹកចិត្តឱ្យចាប់យកតួនាទីសំខាន់ៗ ដោយស្មើភាព និង គ្មានការរើសអើង។

លោកស្រីបានបញ្ជាក់បន្ថែមថា ទន្ទឹមនេះ ស្ត្រីមានលទ្ធភាពកាន់តែច្រើន ក្នុងការទទួលបានការសិក្សាអប់រំ ការពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ច ការទទួលបានសេវាសុខភាពបឋម សុខភាពបន្តពូជ សុខភាព មាតា និងទារក ឤហារូបត្ថម្ភ ការកាត់បន្ថយ និងទប់ស្កាត់ជំងឺឆ្លង ការទទួលបានជំនួយផ្នែកច្បាប់ដោយ ឥតគិតថ្លៃ សម្រាប់ស្រ្តី និងក្មេងស្រីក្រីក្ររងគ្រោះ ដោយអំពើហិង្សាគ្រប់ទម្រង់ តាមរយៈក្រុមមេធាវីស្ម័គ្រចិត្តរបស់សម្តេចតេជោ និងគណៈមេធាវី។

ទោះជាយ៉ាងណាក៏ដោយ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ស្នើសុំឱ្យប្រទេសចូលរួមទាំងអស់ ប្រែក្លាយលទ្ធផលនៃវេទិការបស់យើងនាពេលនេះ ទៅជាសកម្មភាពជាក់លាក់ ប្រាកដនិយម និងបានកោតសរសើរដល់ក្រសួងកិច្ចការនារី អំណរគុណ ដល់វាគ្មិន ជាពិសេសស្រ្តីជាកងកម្លាំងថែរក្សាសន្តិភាពពិភពលោក ក្រោមឆត្រអង្គការសហប្រជាជាតិ ដែលបានចែករំលែកពីបទពិសោធន៍ល្អៗ បញ្ហាប្រឈមក្នុងអំឡុងពេលបេសកកម្ម ចែករំលែកនូវវីរភាពរបស់ខ្លួន ដែលបានឃ្លាតចាកឆ្ងាយពីក្រុមគ្រួសារ ពីប្រទេសកំណើត លះបង់ដើម្បីបុព្វហេតុសន្តិភាព ទូទាំងពិភពលោក ហើយវីរៈភាពនេះ គឺជាកម្លាំងចិត្តដ៏សំខាន់ ដើម្បីរួមចំណែកជំរុញឱ្យស្រ្តី និងក្មេងស្រីផ្សេងទៀត មានភាពក្លាហាន ដើម្បីស្ម័គ្រចិត្តចូលរួមក្នុងមុខជំនាញមិនប្រពៃណីនេះ។

គួររំលឹកថា បច្ចុប្បន្ន ចំនួនស្ត្រីនៅកម្ពុជា កំពុងទទួលបានក្នុងមុខតំណែងជាអ្នកដឹកនាំ បានកើនឡើងនៅគ្រប់ស្ថាប័ន។ គិតត្រឹមឆ្នាំ២០២១ ស្ត្រីមានចំនួន២១ភាគរយ កាន់តំណែងនៅក្នុងរដ្ឋសភា និង១៦ភាគរយ នៅក្នុងព្រឹទ្ធសភា ហើយកម្ពុជាក៏មានជាឧបនាយករដ្ឋមន្ត្រី ជាស្ត្រី១រូប រដ្ឋមន្ត្រីជាស្ត្រី ៣រូប និងអភិបាលខេត្ត ជាស្ត្រី២រូប។ បើប្រៀបធៀបនៃការសមាមាត្រស្ត្រី នៅក្នុងសេវាកម្មស៊ីវិល បានកើនឡើង ពី៣៨ភាគរយ ក្នុងឆ្នាំ២០១៤ ទៅដល់ ៤១ភាគរយ នៅឆ្នាំ២០២១ និងសមាមាត្រ តំណាងរបស់ស្ត្រី នៅក្នុងការសម្រេចចិត្ត នៅកម្រិត អនុប្រធានការិយាល័យ ថ្នាក់ ក្រុង ស្រុក និងខណ្ឌ រហូតដល់អគ្គនាយក បានកើនឡើងពី ២០ភាគរយ ក្នុងឆ្នាំ ២០១៤ ដល់២៥ភាគរយ ក្នុងឆ្នាំ២០១៩ ៕