(ភ្នំពេញ)៖ លោក យោប អះស្ការី រដ្ឋលេខាធីការក្រសួងធម្មការ និងសាសនា និងជាសមាជិកនៃគណៈកម្មាធិការត្រូតពីនិត្យផលិតផលហាឡាលកម្ពុជា បានដឹកនាំក្រុមឯកទេសផលិតផលហាឡាលកម្ពុជា ជួបពិភាក្សាផ្លាស់ប្តូរបទពិសាធន៍ទាក់ទងនឹងការងារហាឡាល ជាមួយជាមួយសកលវិទ្យាល័យវិទ្យាសាស្រ្តឥស្លាមម៉ាឡេស៊ី (USIM) តាមរយៈ Video Conference នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ នៅមជ្ឈមណ្ឌលឥស្លាមភ្នំពេញ (PPIC)។

ជំនួបសំណេះសំណាលនេះ ធ្វើឡើងក្រោមអធីបតីភាពរបស់ លោក Eldeen Husaini Mohd Hashim ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំកម្ពុជា និងជាអគ្គលេខាធិការវិទ្យាស្ថានស្តង់ដារ ក្នុងគោលបំណងដើម្បីផ្លាស់ប្ដូរ និងចែករំលែកបទពិសោធន៍ទាក់នឹងកិច្ចការ ហាឡាល រវាងក្រុមឯកទេសផលិតផលហាទ្បាលកម្ពុជា និងសកលវិទ្យាល័យវិទ្យាសាស្ត្រឥស្លាមម៉ាឡេស៊ី (USIM)។

លោក យោប អះស្ការី តំណាងឲ្យភាគី ក្រុមឯកទេសផលិតផលហាឡាលកម្ពុជា បានស្នើសុំភាគីប្រទេសម៉ាឡេស៊ី ដែលមាន លោក Eldeen Husaini Mohd Hashim ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំកម្ពុជា ជាតំណាងឲ្យជួយសម្រួលក្នុងការផ្ដល់បទពិសោធន៍ និងឯកសារពាក់ព័ន្ធ នៃកិច្ចការហាឡាលប្រទេសម៉ាឡេស៊ី ដើម្បីបង្រឹងសម្ថភាពក្រុមឯកទេសផលិតផលហាឡាលកម្ពុជា និងស្នើសុំផ្ដល់អាហារូបករណ៍ ដល់និសិត្សកម្ពុជា ៥ទៅ៧កន្លែង សម្រាប់រយៈពេលមាន៤ឆ្នាំ ក្នុងការបន្តការសិក្សាផ្នែកវិឡាសាស្រ្ត ហាឡាល (Halal Science) និងសូមជួយក្នុងការបង្កើត វិឡាស្ថាន ហាឡាល នៅកម្ពុជាផងដែរ។

លោក Eldeen Husaini Mohd Hashim ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំកម្ពុជា បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ក្នុងការពង្រឹងគុណភាព វិស័យហាឡាលនៅកម្ពុជា ហើយលោកក៏មានចំណាប់អារម្មណ៍ផងដែរក្នុងការសហការអភិវឌ្ឍន៍លើវិស័យហាទ្បាលនេះ។

គួរបញ្ជាក់ផងដែរថា វិទ្យាសាស្រ្តហាឡាល មាន៤ចរន្តធំៗរួមមានដូចជា ផលិតផលអាហារ ផលិតផលគ្រឿងសម្អាង ឱសថសាស្រ្ត និងផលិតផលសម្ភារប្រើប្រាស់។

គិតត្រឹមថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ ក្រុមឯកទេសផលិតផលហាឡាលកម្ពុជា បានសហការជាមួយក្រសួងពាណិជ្ជកម្ម បានចុះពិនិត្យវាយតម្លៃលក្ខណៈបច្ចេកទេសដែលបានចេញវិញ្ញាបនប័ត្រចំនួន១៧៣ និងមុខទំនិញសរុបចំនួន ៧០៣ មុខហើយក៏មានសហគ្រាសក្រុមហ៊ុនជាច្រើនកំពុងដាក់ពាក្យស្នើសុំផងដែរ៕