(បាត់ដំបង)៖ ក្នុងគោលបំណង​សម្រាប់​ការ​អភិវឌ្ឍ​ តាម​បែប​ប្រជាធិបតេយ្យ​​នៅ​ថ្នាក់​ក្រោម​ជាតិ គឺ​វប្បធម៌​​ប្រជាធិបតេយ្យ​​ដោយ​មាន​ការ​ចូលរួម ​របស់​ប្រជាពលរដ្ឋ​ប្រកប​ដោយ​​ការ​ទទួល​ខុសត្រូវ ទាំង​ក្នុង​គ្រប់​សកម្មភាព​សង្គម​ និង​ការ​បោះឆ្នោត។ នេះ​ជា​ការ​លើក​ឡើង​របស់​ លោក ងី ច័ន្រ្ទផល រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រងការ ​អនុវត្ត​ផែនការ​យុទ្ធសាស្រ្ត​គណនេយ្យ​ភាព​សង្គម ក្នុង​វគ្គ​បណ្តុះ​បណ្តាល​​ស្តី​ពី​ការ​អនុវត្ត​​ផែនការ​​យុទ្ធសាស្រ្ត​ គណនេយ្យ​ភាព​សង្គម​កាល​ពី​ថ្ងៃទី​៦ ខែ​មេសា ឆ្នាំ​២០១៦ នៅ​ខេត្ត​បាត់ដំបង។

លោកបាន​បន្ត​ថា​ យុទ្ធសាស្រ្ត​គណនេយ្យ​ភាព​​សង្គម​ជួយ​ លើក​កម្ពស់​គុណភាព​ផ្តល់​​សេវា​រដ្ឋបាល​ និង​មាន​យន្ត​ការ​​ដើម្បី​ឲ្យ ​ប្រជាពលរដ្ឋ​មាន​​ការ​ចូលរួម​តាម​រយៈ​​ការ​ដាក់​​ពិន្ទុ​សហគមន៍ ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​​​អាច​បញ្ចេញ​សំឡេង​ពី​កង្វល់ និង​ការ​គិត​របស់​ខ្លួន។ លោកក៏​បាន​លើក​ឡើង​ពី​សារៈ​សំខាន់​នៃ ​វគ្គបណ្តុះបណ្តាល​​ស្តីពី​យុទ្ធសាស្រ្ត​ គណេនយ្យ​ភាព​សង្គម​​ផង​ដែរ​ថា សិក្ខាកាម​ទាំង​អស់​ត្រូវ​យក​មេរៀន​ទៅ​ធ្វើ​ការ​បណ្តុះ​បណ្តាល ​បន្ត​ដល់​ស្រុក​គោលដៅ​ទាំង​៥៤ ដើម្បី​ឲ្យ​ការ​អនុវត្ត​​យុទ្ធសាស្ត្រ​គណនេយ្យ​ភាព​សង្គម​ឲ្យ​​ទទួល​បាន​ជោគជ័យ​។ លេខាធិការដ្ឋាន​ នៃ​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​ (គ.ជ.អ.ប) បាន​រៀបចំ​វគ្គបណ្តុះបណ្តាល​ស្តីពី​ការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​គណនេយ្យភាព​សង្គម ក្នុង​គោល​បំណង​ពង្រឹង​សមត្ថភាពដល់មន្រ្តី​អនុវត្តនៅថ្នាក់ខេត្ត ស្រុក ដើម្បីក្លាយជាគ្រូបង្គោលក្នុងការបណ្តុះ​បណ្តាល​បន្តទៅថ្នាក់ស្រុក ឃុំបន្ថែមទៀត និងបណ្តុះបណ្តាលលើការអនុវត្តប្រព័ន្ធ ទិន្នន័យគណនេយ្យភាពសង្គម​ដែលទើបនឹងដាក់ឲ្យអនុវត្ត សាកល្បងក្នុងខេត្តមួយចំនួននាពេលថ្មីៗនេះ។

សមាសភាព​អ្នក​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​ពី​ថ្ងៃទី​៦-៨ ខែ​មេសា ឆ្នាំ​២០១៦​រួមមាន ទីប្រឹក្សា​អភិវឌ្ឍន៍​សមត្ថភាព​ថ្នាក់​ខេត្ត មន្រ្តី​ព័ត៌មាន​វិទ្យា​ថ្នាក់​ខេត្ត​ ជន​បង្គោល​ថ្នាក់​ខេត្ត ក្នុង​ខេត្ត​១៤ និង​ស្រុក​៥៤ ព្រមទាំង​អង្គការ​សង្គម​ស៊ីវិល​ ដៃគូ​អនុវត្ត ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួង​មហាផ្ទៃ និង​អ្នក​ពាក់​ព័ន្ធ​សរុប​ជាង​១០០រូប៕