(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ គ្រោងនឹងរៀបចំពិធីប្រកាសផ្សព្វផ្សាយជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ។ នេះបើតាមសេចក្តីប្រកាសដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ពិធីនេះ នឹងធ្វើឡើង ក្រោមអធិបតីភាពរបស់ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈប្រព័ន្ធអនឡាញ ដោយប្រើកម្មវិធី ដោយធ្វើការ Host ផ្ទាល់ពីសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាបផ្ទាល់តែម្ដង។

ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា អនុម័ត កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១។

ដើម្បីជាសក្ខីភាពនៃការប្រកាសឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ក្រសួងទេសចរណ៍ ក៏បានអំពាវនាវឱ្យសាធារណជន ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិ ចូលរួមយកព័ត៌មាន និងផ្សព្វផ្សាយឱ្យបានទូលំទូលាយផងដែរ៕