(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះកងយោធពលខេមរភូមិន្ទ និងជានាយកប្រតិបត្តិចាក់វ៉ាក់សាំងក្រសួងការពារជាតិ បានអំពាវនាវប្រជាពលរដ្ឋដល់ពេលចាក់វ៉ាក់សាំងដូសទី៣ ឆ្លៀតពេលទៅចាក់ឱ្យបានគ្រប់គ្នា ដើម្បីបង្កើនអង់ទីគ័រការពារសុខភាពកាន់តែប្រសើរពីការរាតត្បាតមេរោគកូវីដ១៩។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ បានបន្តចុះពិនិត្យទីតាំងមួយចំនួនដែលកំពុងដំណើរការចាក់វ៉ាក់សាំងបង្ការជូងឺកូវីដ១៩ដូសទី៣ ឬដូសជំរុញជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ រួមទាំងនៅតាមបណ្តារោងចក្រមួយចំនួនផងដែរ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានកត់សម្គាល់ឃើញថា ដំណើរការចាក់វ៉ាក់សាំងដូសទី៣នេះ បានប្រព្រឹត្តក្នុងស្ថានភាពមួយល្អប្រសើរ ហើយប្រជាពលរដ្ឋដែលទៅចាក់នោះ ក៏អនុវត្តបានខ្ជាប់ខ្ជួនទៅតាមការរៀបចំរបស់ក្រុមការងារចាក់វ៉ាក់សាំង ដោយសារតែពួកគាត់សុទ្ធតែបានយល់ពីគោលការណ៍ និងវិធានទាំងឡាយរបស់ក្រសួងសុខាភិបាលក្នុងការបង្ការការចម្លងមេរោគកូវីដ១៩។

នាយកប្រតិបត្តិការការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិរូបនេះ ក៏បានវាយតម្លៃ និងកោតសរសើរខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់កងទ័ពជាក្រុមការងារចាក់វ៉ាក់សាំងទាំងអស់ថា បានយកចិត្តទុកដាក់ខ្ពស់លើការងារចាក់វ៉ាក់សាំងដូសជំរុញជូនប្រជាពលរដ្ឋនេះ។ លោក ឥត សារ៉ាត់ បានលើកទឹកចិត្តដល់ក្រុមការងារទាំងអស់បន្តប្រកាន់ស្មារតីនេះបន្ត ដើម្បីសម្រេចផែនការចាក់វ៉ាក់សាំងដូសជំរុញជូនប្រជាពលរដ្ឋ ដែលជាបំណងដ៏ធំបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

ក្នុងដំណើរចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងនេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានសង្កេតឃើញផងដែរថា ប្រជាពលរដ្ឋដែលទៅចាក់វ៉ាក់សាំងដូសជំរុញនេះ ភាគច្រើនទៅពេលព្រឹក ឬពេលថ្ងៃ ដែលជាពេលវេលាទំនេរពីការងារ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានក្រើនរំលឹកប្រជាពលរដ្ឋថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ មានសារៈសំខាន់ខ្លាំងណាស់ក្នុងការជួយសុខភាពបង្ការការរាតត្បាតជំងឺកូវីដ១៩ និងមិនធ្វើឱ្យសុខភាពធ្លាក់ទ្រុឌទ្រោមខ្លាំងនៅពេលឆ្លង។ ដូសទី៣ ឬដូសជំរុញ គឺរឹតតែសំខាន់ថែមទៀត ក្នុងការការពារសុខភាព ព្រោះវាអាចបង្កើតអង់ទីគ័រឱ្យសុខភាពកាន់តែរឹងមាំបន្ថែមទៀត។

នាយឧត្តមសេនីយ៍ បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូបដល់ពេលត្រូវទទួលវ៉ាក់សាំងដូសជំរុញនេះ ឆ្លៀតពេលទៅចាក់ឱ្យបានគ្រប់គ្នាទោះរវល់ការងារយ៉ាងណាក៏ដោយ មិនត្រូវបោះបង់នោះឡើយ។

«ការងារវាសំខាន់សម្រាប់ទ្រទ្រង់ជីវភាពគ្រួសាររបស់យើង ក៏ប៉ុន្តែសុខភាពរបស់យើង និងការចៀសផុតពីការឆ្លងជំងឺកូវីដ១៩ គឺរឹតតែសំខាន់ថែមទៀត។ បើយើងមិនបានចាក់វ៉ាក់សាំង ហើយយើងឆ្លងជំងឺកូវីដ១៩ ឬធ្វើឱ្យប៉ះពាល់ដល់អាយុជីវិត គឺជាបាត់បង់ដ៏ធំធេងសម្រាប់គ្រួសារយើង ដូច្នេះយើងត្រូវឆ្លៀតមកចាក់វ៉ាក់សាំងនេះឱ្យបានទោះរវល់យ៉ាងណាក៏ដោយ»។ នេះជាការលើកឡើងរបស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់។

សូមបញ្ជាក់ថា ក្រុមការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រសួងការពារជាតិ បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ (ដូសទី៣) ជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី១១ ខែតុលា កន្លងទៅនេះ។ ក្រុមការងារចាក់វ៉ាក់សាំងក្រសួងការពារជាតិ ទទួលភារកិច្ចចាក់ដូសជំរុញនៅក្នុងខណ្ឌចំនួន៦ រួមមាន៖ ខណ្ឌមានជ័យ, ដង្កោ, កំបូល, ពោធិ៍សែនជ័យ, ឫស្សីកែវ, ទួលគោក និងខណ្ឌសែនសុខ ចំនួន ១សង្កាត់ផងដែរ។

សម្រាប់ការចាក់វ៉ាក់សាំងដូសជំរុញដោយកងទ័ពនេះ គឺកងទ័ពចាក់តែពលរដ្ឋដែលបានចាក់ដូសទី១ និងទី២ ជាមួយកងទ័ពតែប៉ុណ្ណោះ ហើយមានគម្លាតពីដូសទី២មក រយៈពេលយ៉ាងតិចបំផុត ៤ខែ។

ឯកសារដែលតម្រូវសម្រាប់ភ្ជាប់ទៅចាក់ដូសជំរុញទី១ គឺបណ្ណចាក់វ៉ាក់សាំង, បើមិនទាន់បានបណ្ណត្រូវភ្ជាប់ទៅជាមួយលិខិតទម្រង់ចាក់វ៉ាក់សាំងកាលពីដូសទី១ និងទី២។

ក្នុងនោះបើប្រជាពលរដ្ឋបាត់បណ្ណ ឬបាត់លិខិតទម្រង់ចាក់វ៉ាក់សាំង គឺអាចរាយការណ៍ជូនក្រុមការងារផ្ទាល់នៅទីនោះ ហើយក្រុមការងារនឹងផ្ទៀងផ្ទាត់ព័ត៌មានជាមួយប្រព័ន្ធ។ បើរកឃើញមានព័ត៌មាននៅក្នុងប្រព័ន្ធ គឺក្រុមការងារនឹងចាក់វ៉ាក់សាំងដូសទី៣ជូន និងរៀបចំធ្វើបណ្ណជូនឡើងវិញផងដែរ។

រយៈពេល៣ថ្ងៃកន្លងទៅនេះ ក្រុមការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បានចាក់ដូសជំរុញជូនប្រជាពលរដ្ឋ បានជាង ១៣ម៉ឺននាក់៕