(ភ្នំពេញ)៖ ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅកម្ពុជា ត្រូវបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ ដោយស្ថិតក្នុងរង្វង់ជាង ២០០នាក់ក្នុងមួយថ្ងៃនារយៈពេលចុងក្រោយនេះ។ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកឡើងថា លទ្ធផលនេះកើតចេញពីការសម្រេចបាននៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលបានស្រោចស្រប់ស្ទើរពាសពេញផ្ទៃប្រទេស។

ក្រៅតែវិធានការសុខាភិបាល «៣ការពារ និង៣កុំ» នោះ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺជាវិធានការចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពារសុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋពីការរាតត្បាតជំងឺកូវីដ១៩។ រយៈពេលត្រឹមតែ ៨ខែប៉ុណ្ណោះ កម្ពុជា បានចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋបានជាង ១៣.៥លាននាក់។ ក្នុងនោះពលរដ្ឋអាយុជាង ១៨ឆ្នាំឡើង ចាក់បានជាង ៩.៩លាននាក់, អាយុ ១២ឆ្នាំ ទៅ ១៨ឆ្នាំ បានចំនួនជាង ១.៧លាននាក់ ហើយពលរដ្ឋអាយុ ៦ឆ្នាំ ទៅ ១២ឆ្នាំ បានចំនួន ១.៨លាននាក់។

សម្រាប់លោកស្រី យក់ សម្បត្តិ ការចាក់វ៉ាក់សាំងស្រោចជូនប្រជាពលរដ្ឋបានចំនួនច្រើននេះ គឺជាជាចំណែកដ៏សំខាន់កាត់បន្ថយការឆ្លងរាលដាលជំងឺកូវីដ១៩ ហើយធ្វើមិនឱ្យធ្ងន់ធ្ងរដល់សុខភាពក្នុងករណីឆ្លងមេរោគកូវីដ១៩។ ក្នុងនោះអ្នកដែលបានស្លាប់ដោយសារជំងឺកូវីដ១៩នេះ ភាគច្រើនជាអ្នកដែលមិនបានចាក់វ៉ាក់សាំង។

ក្នុងឱកាសអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ លោកស្រី យក់ សម្បត្តិ បានគូសបញ្ជាក់យ៉ាងដូច្នេះ «ពិតប្រាកដណាស់ នេះគឺជាប្រសិទ្ធភាពរបស់វ៉ាក់សាំង។ បើសិនជាមិនមានការចាក់វ៉ាក់សាំងទេ ប្រជាពលរដ្ឋយើងកាលណាតេស្តឃើញវិជ្ជមានគាត់ប្រឈមធ្លាក់ខ្លួនធ្ងន់ធ្ងរ ហើយអាចនឹងស្លាប់។ យើងឃើញហើយអត្រានៃការស្លាប់ជារៀងរាល់ថ្ងៃនេះ ភាគច្រើនស្ថិតនៅលើបងប្អូនប្រជាពលរដ្ឋយើងដែលមិនបានចាក់វ៉ាក់សាំងទេ»

ការសម្រេចបានលទ្ធផលចាក់វ៉ាក់សាំងដូចពេលបច្ចុប្បន្ន សម្តេចតេជោ ហ៊ុន សែន ត្រូវបានគេមើលឃើញថា ជាគន្លឹះដ៏ចាំបាច់បំផុត។ លទ្ធផលនេះ មិនបានអាចសម្រេចបានឡើយ ប្រសិនបើសម្តេចតេជោ ហ៊ុន សែន សម្រេចចិត្តយឺតយ៉ាវលើការងារចាក់វ៉ាក់សាំង។

គេនៅចាំបានថា នៅពេលសម្តេចតេជោ សម្រេចចិត្តយកវ៉ាក់សាំងស៊ីណូហ្វាមរបស់ចិន ចាក់ជូនប្រជាពលរដ្ឋកាលពីខែកុម្ភៈកន្លងទៅនោះ មានអង្គការសង្គមស៊ីវិល និងអ្នកមាននិន្នាមិនគាំទ្ររាជរដ្ឋាភិបាល បានតិះទៀន និងផ្តល់យោបល់មិនឱ្យរាជរដ្ឋាភិបាលប្រើវ៉ាក់សាំងនេះចាក់ជូនប្រជាពលរដ្ឋនោះឡើយ។

តែទោះជាយ៉ាងណាសម្តេចតេជោ មិនបានអល់ឯក ឬធ្វើតាមការផ្តល់យោបល់ទាំងនោះឡើយ ហើយនៅតែជម្នះលើការចាក់វ៉ាក់សាំងទាំងនេះជូនប្រជាពលរដ្ឋ។ បច្ចុប្បន្នអានុភាពវ៉ាក់សាំងដែលបានចាក់ជូនប្រជាពលរដ្ឋបានធ្វើឱ្យប្រជាពលរដ្ឋបង្កើនបានកងការពារសុខភាពកាន់តែរឹងមាំ ហើយធ្វើឱ្យការឆ្លងរាលដាលបានធ្លាក់ចុះផងដែរ៕