(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ បានលើកឡើងថា ដើម្បីមុខមាត់ និងផលប្រយោជន៍ប្រទេសជាតិ យើងត្រូវត្រៀមរួមគ្នាដោយមោទនៈ ក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលនានា ក៏ដូចជាការធ្វើជាម្ចាស់ផ្ទះលើកដំបូង ការប្រកួតកីឡា SEA Games លើកទី ៣២ នៅក្នុងឆ្នាំ២០២៣។

តាមរយៈបណ្តាញព័ត៌មាន Facebook លោក ហ៊ុន ម៉ានី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អរគុណសន្តិភាព ! ក្នុងនាមជាយុវជនខ្មែរមួយរូប ខ្ញុំសូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់រូប ដែលតែងតែផ្តល់ភាពជាគំរូដឹកនាំក្នុងការតម្កល់ប្រយោជន៍ជាតិជាចម្បង តាមរយៈបេសកកម្មនៃការរំដោះជាតិ ការស្តារ និងអភិវឌ្ឍន៍លើគ្រប់វិស័យ ក៏ដូចជាការលើកស្ទួយកិត្យានុភាពជាតិ ដោយស្មើរមុខ ស្មើរមាត់នៅលើឆាកអន្តរជាតិជាបន្តបន្ទាប់។ អរគុណដល់ថ្នាក់ដឹកនាំ ដែលតែងតែផ្តល់ឱកាសដល់យុវជន ដើម្បីចូលរួមរៀបចំអនុវត្តការងារនានា ក្នុងគោលបំណងបណ្តុះបណ្តាល អប់រំ និងដើម្បីឲ្យយុវជនបានបទពិសោធន៍ ការងារជាក់ស្តែងក្នុងការអនុវត្ត និងការដឹកនាំ»

បើតាមលោក ហ៊ុន ម៉ានី, មូលដ្ឋាននៃភាពជាគំរូ និងការផ្តល់ឱកាសទាំងនេះ បានផ្តល់បទពិសោធន៍ជោគជ័យ និងឱកាសរៀនសូត្រពីចំណុចខ្វះខាតនាពេលកន្លងមក ដែលមិនត្រឹមតែផ្តល់ឲ្យយុវជនបង្កើនចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែបណ្តុះបាននូវស្មារតីមោទនៈ និងឆន្ទៈស្នេហាជាតិ ហើយចូលរួមអនុវត្តគ្រប់កិច្ចការទាំងអស់ ដោយតម្កល់ប្រយោជន៍ជាតិជាធំ។

«ផ្អែកលើមូលដ្ឋាននេះ ខ្ញុំសូមអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរត្រៀមរួមគ្នា ចូលរួមអបអរសាទរ និងគំាទ្រដោយស្មារតីមោទនៈ ចំពោះកិច្ចប្រជុំនានាដែលព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ក្នុងនោះ ក្នុងឆ្នាំនេះ ដូចជាកិច្ចប្រជុំកំពូល អាស៊ី អឺរ៉ុប លើកទី ១៣ (ASEM13) ដោយអមជាមួយកិច្ចប្រជុំធំៗជាច្រើនដូចជា កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី អឺរ៉ុប លើកទី១១ (ASEP11) ជាដើម បន្ថែមពីលើនោះ នៅឆ្នាំក្រោយ កម្ពុជា ក៏នឹងក្លាយជាប្រធានអាស៊ាន ដែលនឹងត្រូវធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល អាស៊ាន (ASEAN) ហើយជាពិសេសឆ្ពោះទៅឆ្នាំ២០២៣ គឺ កម្ពុជានឹងទទួលជាម្ចាស់ផ្ទះនៃការប្រកួតកីឡា SEA Games លើកទី៣២ ផងដែរ។ យើងត្រូវរួមគ្នា ចូលរួមទាំងអស់គ្នានោះ យើងនឹងសម្រេចជោគជ័យប្រកបដោយមោទនៈ»។ នេះជាការបញ្ជាក់បន្ថែម របស់លោក ហ៊ុន ម៉ានី៕