(បន្ទាយមានជ័យ)៖ ដើម្បីពង្រឹងទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ កម្លាំងថ្មើរជើងលេខ៥១៣ ខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កម្លាំងទាំងអស់ ត្រូវចេញល្បាតជាប់ជាប្រចាំ ពោលគឺ២៤ម៉ោងលើ២៤ម៉ោង ដោយប្តូរវេនគ្នា និងត្រូវមានកិច្ចសហការល្អជាមួយកងកម្លាំងចម្រុះ ដើម្បីធានាដល់ការទប់ស្កាត់នូវរាល់បទល្មើសឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងភូមិសាស្រ្តទទួលខុសត្រូវរបស់ខ្លួន។

ជាក់ស្តែងនៅយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ លោកវរសេនីយ៍ទោ យូ សុគន្ធភក្តី មេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១៣ បានចាត់តាំងកម្លាំងនៅជួរមុខតាមខ្សែរបន្ទាត់ព្រំដែនខ្មែរ-ថៃ នៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ សហការជាមួយកម្លាំងចម្រុះ ចេញល្បាតត្រួតពិនិត្យតាមបន្ទាត់ព្រំដែន បានឃាត់ខ្លួនពលករខ្មែរ ៣៧នាក់ ដែលបម្រុងនឹងលួចឆ្លងដែនខុសច្បាប់ចូលទៅប្រទេសថៃ។

នៅក្នុងកិច្ចសហការជាមួយកម្លាំងចម្រុះតាមបន្ទាត់ព្រំដែន បានប្រទះឃើញ និងឃាត់ខ្លួនសួរនាំពលករខ្មែរ ចំនួន ៣៧នាក់ ក្នុងនោះមានស្រី១៨នាក់ នៅត្រង់ចំណុច (សិលាខ្មែរ) ដែលបម្រុង និងលួចចូលទៅប្រទេសថៃ ដើម្បីប្រគល់ជូនកម្លាំជំនាញ អនុវត្តទៅតាមច្បាប់។

កម្លាំងវរសេនាតូចថ្មើរជើងលេខ៥១៣ បានបញ្ជាក់ថា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ កុំឱ្យឆ្លងចូលជាសហគមន៍ កម្លាំងវរសេនាតូចថ្មើរជើងលេខ៥១៣ តែងតែយកចិត្តទុកដាក់អនុវត្តតាមបទបញ្ជាថ្នាក់លើទាំង៣ទិស ក្នុងខេត្តបន្ទាយមានជ័យ ចាប់ពីទិសអូរនាង ប៉ោយប៉ែត និងទិសម៉ាឡៃ បានសហការជាមួយកម្លាំងនៅតាមមូលដ្ឋានចេញល្បាតឆែកឆេរ ត្រួតពិនិត្យជាប្រចាំក្នុងការទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់៕