(កំពត)៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានប្រកាសនឹងរៀបចំបង្កើតកម្មវិធីចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ តាមបណ្តា ឃុំ សង្កាត់ទាំង៩៣ក្នុងខេត្ត ស្វែងរកបញ្ហាផ្សេងៗ និងដំណោះស្រាយជូនប្រជាពលរដ្ឋ ដើម្បីធានាឱ្យបាននូវគោលនយោបាយភូមិឃុំ មានសុវត្ថិភាពកាន់ តែមានប្រសិទ្ធភាពខ្ពស់។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះថា «ស្នងការដ្ឋាននគរបាលខេត្តកំពត នឹងរៀបចំបង្កើតនូវកម្មវិធីដើម្បី ចុះជួបបងប្អូនប្រជាពលរដ្ឋតាមបណ្តាឃុំសង្កាត់ទាំង៩៣ ដើម្បីស្វែងរកបញ្ហាផ្សេងៗ និងដំណោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីធ្វើ អោយគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពកាន់តែមានប្រសិទ្ធភាពខ្ពស់។

លោកមេប៉ុស្តទាំងអស់ និងត្រូវមានវត្តមានចូលរួមក្នុងវេទិការនេះ ព្រោះខ្ញុំនឹងចុះធ្វើវេទិការនេះដោយខ្លួនខ្ញុំផ្ទាល់ រួមនិងជំនាញពាក់ពន្ធ័ផ្សេងៗទៀត ក្នុងករណីលោកមេប៉ុស្ត មិនអាចយកបេះដូងពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន របស់អស់លោកបាននោះទេ ស្មើរនឹងគ្មានការគាំទ្រពីប្រជាពលរដ្ឋ អញ្ចឹងដំណោះស្រាយត្រូវយកអ្នកផ្សេងមកជំនួស»។

គួរបញ្ជាក់ដែរថា ការប្រកាសដូចនេះបានលើកឡើងបន្ទាប់ពីលោក ម៉ៅ ធនិន ទើបតែបានឡើងជាអភិបាលខេត្តកំពត នាថ្ងៃទី១៣ ខែតុលា ម្សិលមិញនេះ។ ជាមួយគ្នានោះ លោក ម៉ៅ ធនិន ពេលនៅជាអភិបាលខេត្តពោធិ៍សាត់ តែងតែបានចុះរៀបចំជាវេទិកាសាធារណៈ ដើម្បីដោះស្រាយបញ្ហានិងក្តីកង្វល់របស់ប្រជាពលរដ្ឋ និងទទួលបានក្តី ស្រលាញ់ពីប្រជាពលរដ្ឋជុំវិញខេត្តពោធិ៍សាត់ជាច្រើនផងដែរ៕