(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាការងាររវាង លោក អ៊ុង ស៊ាន រដ្ឋលេខាធិការក្រសួងការបរទេស ជាមួយលោក Miroslav Jenca ជំនួយការ អគ្គលេខាធិការ UN នៅរសៀលថ្ងៃ ទី០៦ ខែមេសានេះ ជំនួយការអគ្គលេខាធិការ UN បានជំរុញឲ្យគណបក្សនយោបាយទាំងពីរ នៅក្នុងរដ្ឋសភា គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ដោះស្រាយបញ្ហាវប្បធម៌សន្ទនា ដោយសន្តិវិធី ជៀសវាងការប្រើអំពើហិង្សា។

ជាការឆ្លើយតបភាគីកម្ពុជា តាមរយៈលោក អ៊ុង ស៊ាន រដ្ឋលេខាធិការក្រសួងការបរទេស បានបញ្ជាក់ថា ទាក់ទងទៅនឹងវប្បធម៌សន្ទនានេះ រដ្ឋាភិបាលកម្ពុជាបានជំរុញ និងកំពុងតែរកវិធីសាស្រ្តដោះស្រាយពីបញ្ហានេះ រាជរដ្ឋាភិបាលសង្ឃឹមថា បញ្ហាវប្បធម៌សន្ទនានេះនឹងអាចប្រសើរ ឡើងក្នុងពេលឆាប់ៗ នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោក ច័ន្ទ វាសនា ប្រធាននាយកដ្ឋានអន្តរជាតិ នៃក្រសួងការបរទេស ។

លោក ច័ន្ទ វាសនា បានប្រាប់ឲ្យដឹងថា មន្ត្រី UN គឺបានស្នើឲ្យកម្ពុជាពង្រឹងទំនាក់ទំនង ជាមួយប្រទេសជិតខាងផងដែរ ដើម្បីបង្កើនចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងគ្នានឹងគ្នា។ ក្រៅពីនោះ លោក Miroslav Jenca ជំនួយការអគ្គលេខាធិការ UN ក៏បានស្នើឲ្យ​ការរៀបចំ ការបោះឆ្នោត ឃុំសង្កាត់ នៅឆ្នាំក្រោយ និងការបោះឆ្នោតថ្នាក់ជាតិ កុំឲ្យមានអំពើហិង្សាកើតឡើងផងដែរ។

គួរបញ្ជាក់ថា វប្បធម៌សន្ទានារវាងគណបក្សនយោបាយទាំងពីរ ក្នុងរដ្ឋភា នៅតែជួបបញ្ហានៅឡើយ បើទោះបីជាគណបក្សនយោបាយទាំងពីរ បានអះអាងថា នៅតែគោរពទៅតាមកិច្ចព្រមព្រៀង នៃវប្បធម៌សន្ទនាដោយគ្មានការ រំលោភបំពានយ៉ាងណាក្តី៕