(ភ្នំពេញ)៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោក នៅរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ខណៈម្នាក់ទៀតកំពុងរត់គេចខ្លួន ក្រោយវាយជនរងគ្រោះដោយដុំឥដ្ឋ នៅមុខសាលាបឋមសិក្សា អនុវត្តន៍តាមផ្លូវ២៧១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ដើម្បីប្លន់យកម៉ូតូមួយគ្រឿង។ ជនសង្ស័យទាំង៣នាក់ បានប្លន់ម៉ូតូកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ ពីជនរងគ្រោះមានឈ្មោះ ប៉ោ លីហៀង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាងម៉ាស៊ីនត្រជាក់ ស្នាក់នៅផ្ទះលេខ១ ផ្លូវ២៧៥ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។

ជនសង្ស័យ៣នាក់ បានគប់នឹងដុំឥដ្ឋ និងបានលួចយកម៉ូតូមួយគ្រឿងគេចទៅបាត់។ ជនសង្ស័យទី១ មានឈ្មោះ ឌឿន ឆៃយា ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិអូរបែកក្អម សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ស្រុកកំណើតនៅភូមិអូរព្រៀល ឃុំអូរព្រៀល ស្រុកបាកាន ខេត្តពោធិ៍សាត់ និងជនសង្ស័យទី២ មានឈ្មោះសៀ ជា ភេទប្រុស មុខរបររត់ម៉ូតូឌុបស្នាក់នៅម្ដុំភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

មន្រ្តីអាវុធហត្ថបានឲ្យដឹងថា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ ជនរងគ្រោះបានចេញពីក្លឹប ជូនមិត្តភក្តិទៅផ្ទះ ពេលទៅដល់ហើយ ក៏បាននាំគ្នាអង្គុយលើបង់បានមួយសន្ទុះស្រាប់តែ មានជនសង្ស័យ៣នាក់ ជិះម៉ូតូមក ក៏បាននាំគ្នាគប់ដុំឥដ្ឋ និងចុះដេញវាយយកម៉ូតូម៉ាក់C125 ពាក់ស្លាកលេខ ភ្នំពេញ1R-6777 ហើយក៏គេចខ្លួនបាត់ទៅ។ លុះដល់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៦ ជនរងគ្រោះ ប៉ោ លីហៀង បានប្រទះឃើញជនសង្ស័យនៅមុខសាលាបឋមសិក្សាអនុវត្តន៍ រួចរាយការណ៍ប្រាប់កម្លាំងយើងខ្ញុំឲ្យបានដឹង ហើយចុះទៅឃាត់ខ្លួនជនសង្ស័យតែម្ដង និងដកហូតបានម៉ូតូម៉ាក់សេ២១០០ ពណ៌ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ 1B-2238 និងទូរស័ព្ទ១គ្រឿង៕