(ភ្នំពេញ)៖ បន្ទាប់ពីបានបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ រដ្ឋសភាបានសម្រេចទទួលយក សេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញ និងធម្មនុញ្ញបន្ថែម ពាក់ព័ន្ធនឹងការការកំណត់ឱ្យមានសញ្ជាតិខ្មែរតែមួយ ចំពោះតំណែងប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ហើយបានប្រគល់ជូន គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ពិនិត្យ និងសិក្សា។

ក្រៅពីបានសម្រេចទៅលើរបៀបវារៈនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក៏បានអនុម័តយល់ព្រម សំណើសុំបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការបំពេញបន្ថែមសមាសភាពសមាជិកនៃរាជរដ្ឋាភិបាលដល់ លោក ប៉ា សុជាតិវង្ស ជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស ដើម្បីដាក់ជូនសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ ធ្វើការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តផងដែរ។

អង្គប្រជុំបានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ទាក់ទងទៅនឹងការកាត់សេចក្តីនៅក្រោមច្បាប់កម្ពុជានូវឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាល នៃកម្ពុជាប្រជាធិបតេយ្យ ស្តីពីការរៀបចំក្នុងពេលអន្តរកាល និងការបញ្ចប់ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញ ជូនដល់គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ពិនិត្យសិក្សា ដោយសហការជាមួយ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការនិងព័ត៌មាន នៃរដ្ឋសភា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ។

អង្គប្រជុំបានអនុម័តប្រគល់ សេចក្តីព្រាងច្បាប់ស្តីពី ភាពជាដៃគូរវាងរដ្ឋ និងឯកជន ជូនដល់គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ពិនិត្យ សិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា វិញ។

សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ និងធម្មនុញ្ញបន្ថែម ពាក់ព័ន្ធនឹងការកំណត់ឱ្យមានសញ្ជាតិខ្មែរតែមួយ សម្រាប់មេដឹកនាំស្ថាប័នកំពូលៗរួមមាន ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវបានគណៈរដ្ឋមន្រ្តីអនុម័តទាំងស្រុង ក្នុងប្រជុំពេញអង្គ នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ ហើយបានបញ្ជូនបន្តទៅកាន់រដ្ឋសភា កាលពីល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១។

ក្នុងការកែប្រែលើកនេះ ច្បាប់កំពូលរបស់ជាតិ ត្រូវបានរៀបចំធ្វើវិសោធនកម្ម ត្រង់ចំណុច មាត្រា១៩ថ្មី មាត្រា៤២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និង មាត្រា១៣ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា និងមាត្រា៣ នៃច្បាប់ធម្មនុញ្ញបន្ថែម។ បណ្តាក្រសួង ស្ថាប័ន សមាគម គណបក្សនយោបាយជាច្រើន បានប្រកាសគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការរៀបចំវិសោធនកម្មកំណត់ឱ្យមានសញ្ជាតិខ្មែរតែមួយសម្រាប់ អ្នកកាន់តំណែងកំពូលទាំង៤នេះ ដោយពួកគេយល់ថា ដើម្បីភាពស្មោះត្រង់ និងឧត្តមប្រយោជន៍សម្រាប់ជាតិខ្មែរ៕