(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសារាចរណែនាំមួយ ស្តីពីការទប់ស្កាត់ការវាយកម្ទេច និងបំផ្លាញសំណង់អគារបេតិកភណ្ឌ។

សារាចរនេះ បានធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលបានពិនិត្យឃើញថា សព្វថ្ងៃដោយសារទំនើបកម្មបណ្តាលឱ្យមានការបាត់បង់ ការវាយបំផ្លិចបំផ្លាញ ការធ្វើឱ្យខូចខាតតាមគ្រប់រូបភាព ជាបន្តបន្ទាប់ចំពោះសំណង់អគារបេតិកភណ្ឌដែលស្ថិតនៅក្នុងតំបន់បេតិកភណ្ឌទីក្រុង តាមបណ្តារាជធានី ខេត្ត ដែលជាសម្បត្តិបេតិកភណ្ឌជាតិដ៏មានតម្លៃ ហើយមានការប្រឈមនឹងហានិភ័យ និងស្ថិតក្រោមការគំរាមកំហែងខ្ពស់ដោយការអភិវឌ្ឍ ដែលទាមទារឱ្យមានការថ្លឹងថ្លែងរវាងការអភិរក្ស និងការអភិវឌ្ឍ គឺត្រូវតែមានតុល្យភាព។

តាមសារាចរដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះបញ្ជាក់ថា ដើម្បីឱ្យការងារអភិរក្សតំបន់បេតិកភណ្ឌទីក្រុង ដែលមានសំណង់អគារសាសនាផ្សេងៗ សំណង់ សាធារណៈ សំណង់ឯកជន ភូមិដ្ឋាន និងផ្ទះបុរាណ ស្របតាមច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ ដែល ប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០១៩៦/២៦ ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ១៩៩៦ រាជរដ្ឋាភិបាល សូមធ្វើការណែនាំដូចខាងក្រោម៖

១៖ ហាមឃាត់ចំពោះការកែប្រែ ការប្តូររូបរាងខាងក្រៅ ឬធ្វើឱ្យខូចខាតសោភ័ណភាពចំពោះសំណង់ នៃតំបន់បេតិកភណ្ឌទីក្រុង។
២៖ ទប់ស្កាត់ការវាយកម្ទេចនិងបំផ្លិចបំផ្លាញសំណង់វប្បធម៌ ប្រវត្តិសាស្ត្រ សំណង់បុរាណ និងសំណង់ អគារបេតិកភណ្ឌ ដើម្បីការពារឱ្យបានគង់វង្ស។
៣៖ បញ្ឈប់ជាបន្ទាន់ចំពោះការបំផ្លាញអគារបេតិកភណ្ឌក្នុងតំបន់ការពារនិងក្រៅតំបន់ការពារ ដោយ ផ្តោតលើយុទ្ធសាស្ត្រ គោលនយោបាយ និងផែនទីចង្អុលបង្ហាញ ដើម្បីជំរុញការអភិរក្សនិងការ អភិវឌ្ឍទីក្រុងបេតីកភណ្ឌប្រកបដោយនិរន្តរភាព។
៤៖ សំណង់អគារបេតិកភណ្ឌដែលនឹងត្រូវធ្វើការជួសជុល កែប្រែរូបរាង ឬវាយកម្ទេចចោល ត្រូវស្នើសុំការពិនិត្យ និងសម្រេចពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនិងអាជ្ញាធរពាក់ព័ន្ធជាមុនសិន៕