(ភ្នំពេញ)៖ ល្ខោនសៀកកម្ពុជាហ្វារ និងសមាគមហ្វារពន្លឺសិល្បៈ ត្រៀម​នឹង​រៀបចំ​មហោស្រព​ល្ខោ​​ន​សៀ​ក ​អន្តរជាតិ «ទី​នេះ​ទីនោះ» ខួបលើទី១០ក្នុងគោលបំណង ដើម្បីពង្រីងខ្លួនលើឆាកអន្ត​រជា​តិ និងជាការសម្តែងចែកជូនសាធារណៈជន បានទស្សនាដែលមានរួមបញ្ចូល ទាំងការសម្តែង នា​ពេលរាត្រី ការសម្តែងតាមដងវីថី ជាដើម។

លោក ហួត ដារា នាយកប្រតិបត្តិ នៃល្ខោនសៀកកម្ពុជាហ្វារ បានថ្លែង​នៅក្នុងសន្និសីទសារព័​ត៌មាន ធ្វើឡើងនាវិទ្យាស្ថានបារាំង នា​ព្រឹកថ្ងៃទី៦ ខែ មេសា ឆ្នា២០១៦នេះថា ក្នុងឱ​កាសខួបលើកទី១០ នៃសៀកសហសម័យនៅឆ្នាំនេះ គឺមានការចូលរួមពីបណ្ដាប្រទេសអន្តរជាតិ ជុំវិញពិភពលោកដោយមាន៥ក្រុម មកពី ប្រទេសអូស្ត្រាលី កាណាដា ឥណ្ឌូណេស៊ី នេប៉ា​ល់ និង​ប្រទេសបារាំង រួមជាមួយសិល្បករកម្ពុជា ពីល្ខោនសៀ​កកម្ពុជាហ្វារ ។ មហោស្រព​ល្ខោន​សៀកអន្តរជាតិនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ខែមេសា ដល់ថ្ងៃទី១០ខែឧសភា ឆ្នាំ​២០១៦ នៅរាជធានីភ្នំពេញ បាត់ដំបង និងខេត្តសៀមរាប ។

នាយកប្រតិបត្តិ នៃល្ខោនសៀកកម្ពុជាហ្វារលោក ហួត ដារា បានបញ្ជាក់ថា ក្រុម​សៀ​ក​អន្តរជា​តិ​នៅក្នុងឆ្នាំនេះ មានក្រុម Flying Fruit FlyCircus ដែលជាសៀកយុវជនជាតិ មកពីប្រទេស​អូស្ត្រាលី និង ត្រៀមបង្ហាញការសម្ដែង​ថ្មី ឈ្មោះ Stunt Lounge, ក្រុម Collectif Open Ticket មក​ពីប្រទេសបារាំង ដែលនឹងសម្តែងរឿង Sans queus ni tete (Nonsense), ក្រុមសៀក Inner Ring មកពីប្រទេសកាណាដា ដែលនឹងសម្តែងរឿង duo juggling duo act. ក្រុមសៀកហ្វារពន្លឺ​សិល្បៈ​យើង នឹងសម្តែងរឿងថ្មីបំផុត គឺ «ឥទ្ធិពល»។

លោក ហួត ដារា នាយកប្រតិបត្តិ នៃល្ខោនសៀកកម្ពុជាហ្វារ បានបន្ថែមថា ប្រទេសកម្ពុជាកំ​ពុងឈានមុខ ក្នុងតំបន់នៃការសម្តែងសៀកសហសម័យ រួម​ជាមួយ ការសម្ដែងនាពេលរាត្រី រយៈពេលបីឆ្នាំ ដោយល្ខោនសៀកកម្ពុជា​ហ្វារ នៅខេត្តសៀមរាប និងរយៈពេលម្ភៃឆ្នាំ នៃការ​សម្ដែងយ៉ាងទៀងទាត់ ដោយសមាគមហ្វារពន្លឺ សិល្បៈ «ទីនេះទីនោះ» គឺជាព្រឹត្តិការណ៍ដែល​បង្ហាញអំពីសិល្បៈ ហើយយើងកំពុងតែនាំយក ការសម្ដែងសៀកសហសម័យ ពី​ទូទាំងពិភពលោកមក ដើម្បីបានទស្សនា និងចូលរួមក្នុងឆាកសិល្បៈ ដ៏រស់រវើកមួយនេះ៕