(ភ្នំពេញ)៖ រដ្ឋបាលស្រុកស្ទោង ខេត្តកំពង់ធំ បានសម្រេចអនុវត្តទណ្ឌកម្មខាងវិន័យ ចំពោះលោក លឹម ប៊ុនហេង ឲ្យទទួលទណ្ឌកម្មថ្នាក់ទី១ ចំណុចគ តាមរូបភាព ផ្លាស់ដោយបង្ខំ ពីប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងភូមិបាល រដ្ឋបាលស្រុកស្ទោង ឲ្យមកបម្រើការងារ ជាមន្ត្រីនៅការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ ស្រុកស្ទោង ខេត្តកំពង់ធំ។

តាមសេចក្តីរាយការណ៍ពីភ្នាក់ងារព័ត៌មាន Fresh News បានឲ្យដឹងថា លោក លឹម ប៊ុនហេង បានរងការចោទប្រកាន់ថា ឃុបឃិតគ្នាឲ្យសាងសង់ផ្ទះលើចំណីផ្លូវជាតិលេខ៦ និងជាតំបន់ហាមឃាត់មិនឲ្យសាងសង់ផ្ទះ ឬសាងសង់សំណង់រឹង ព្រោះជាចំណីផ្លូវសាធារណ: ដែលរាជរដ្ឋាភិបាលមិនអនុញ្ញាតឲ្យសាងសង់រឹងឡើយ។

លោក លោក លឹម ប៊ុនហេង បានអនុញ្ញាតឲ្យសាងសង់ផ្ទះលើដីហាមឃាត់ជាច្រើនគ្រួសារ ដើម្បីបន្តបើកហាងលក់ទំនិញជាបន្តបន្ទាប់ ដែលជាទង្វើខុសច្បាប់ផ្ទុយពីអនុក្រឺត្យណែនាំរបស់រាជរដ្ឋាភិបាល។ ក្រោមហេតុផលនេះ ទើបប្រធានការិយាល័យភូមិបាលស្រុកស្ទោង ត្រូវបានដកចេញពីតំណែង ខណៈលោក ភន សំហួត ស្មៀនឃុំបន្ទាយស្ទោង ក៏ត្រូវបានដកដំណែងមកជាមន្រ្តីបំរើការងារនៅសាលាស្រុកផងដែរ។

តាមសេចក្តីរាយការណ៍ លោក លឹម ប៊ុនហេង បានប្រព្រឹត្តអំពើកេងប្រវ័ញ្ច ធ្វើឲ្យប្រជាពលរដ្ឋមិនពេញចិត្ត ដោយសារដើរគៀបសង្កត់ប្រជាពលរដ្ឋ បង្កឲ្យមានការរិះគន់យ៉ាងច្រើនថា បានរត់ការដើម្បីកាត់ប្លង់ដីយកលើសពីកំរ៉ៃសេវា ដែលអន្តរក្រសួងបានប្រកាស ដូចជា៖ កាត់ប្លងដីមូយប្លង់ត្រូវអស់លុយពី ៨០០ដុល្លា ១០០០ដុល្លារ ចំណែកអ្នកសាងសង់ផ្ទះយកប្រាក់ពីគេ ៥០០ដុល្លារ រហូតដល់ជិត៣០០០ដុល្លារ និងបានលុយក្រៅដែលជាថ្នូរនិងការឲ្យ សាងសង់ផ្ទះលើដីចំណីផ្លូវផ្សេងទៀត រួមទាំងធ្វើការក្រៅកន្លែងដូចមន្រ្តីឥតក្របខ័ណ្ឌមិនសមជាអ្នកបម្រើរាស្រ្តនោះទេ។

ប្រជាពលរដ្ឋរស់នៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ បន្ទាប់ពីបានដឹងដំណឹងថា រដ្ឋបាលស្រុកស្ទោង បានប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក សម្រេចដកលោក លឹម ប៊ុនហេង និងលោក ភន សំហូត ពិតជាត្រេតអរជាខ្លាំង ដោយសារតែកន្លងមកប្រជាពលរដ្ឋរងទុក្ខ និងរងការគៀបសង្កត់ជាយូរមកហើយ៕